ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីពេលវេលាជាក់លាក់ក្នុងការរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសខែឧសភា ដើម្បីប្រារព្វព្រឹត្តិការណ៍នេះ។
សម្តេចបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនាព្រឹកថ្ងៃទី២១នេះថា ការ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នឹងមិនធ្វើនៅចុងឆ្នាំនោះទេ ព្រឹត្តិការណ៍នេះនឹងរៀបចំនៅខែឧសភាឆ្នាំ២០២៣ តែម្តង ដើម្បីប្រារពព្រឹត្តិការ ណ៍កីឡា ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មាធិការអូរឡាំពិកកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃដដែលនេះថា រហូតមកទល់ពេលនេះការសាងសង់ស្តាតមរតកសម្តេចតេជោសម្រេចបានប្រមាណ៦០ភាគរយហើយ ដែលពហុកីឡាដ្ឋានធំនេះអាចផ្ទុកមនុស្សបាន៥៥,០០០នាក់ និងមានប្រព័ន្ឋអាចរំដោះមនុស្សយ៉ាងឆាប់រហ័ស ដោយចំណាយពេលត្រឹម៤៥នាទីប៉ុណ្ណោះ។