ដោយ រ៉ាណេត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានប្រកាសថា បញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់ នឹងមិនឱ្យកើតមានជាថ្មីម្តងទៀតទេ ចាប់ពីឆ្នាំ២០២០តទៅ ដោយក្នុងនោះទាមទារឱ្យប្រជាពលរដ្ឋ ក៏ដោយជាអ្នកប្រើប្រាស់ផ្សេងទៀតមេត្តាយោគយល់អធ្យាស្រ័យចំពោះបញ្ហាខ្វះអគ្គិសនីនៅពេលបច្ចុប្បន្ននេះ។
នៅក្នុងសន្និសីទសារព័ត៌មាន ពន្យល់បកស្រាយជុំវិញបញ្ហាខ្វះអគ្គិសនី កាលពីនៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល បានលើកឡើងថា បញ្ហាកង្វះថាមពលអគ្គិសនីដូចឆ្នាំ២០១៩ នឹងមិនឱ្យកើតមានទៀតឡើយចាប់ពីឆ្នាំ២០២០តទៅ ដោយសារតែគម្រោងនៃការអភិវឌ្ឍបណ្តាញអគ្គិសនីដែលមានស្រាប់ និងកំពុងបន្តសកម្មភាពសាងសង់នោះ នឹងចាប់ដំណើរការនៅពេលខាងមុខនេះ។
-->
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់វិញនោះ ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះលើកឡើងថា ដោយសារបណ្តាលមកពីកត្តាធម្មជាតិ និងកត្តានៃការប្រើប្រាស់អគ្គិសនីមានការកើនឡើងខុសពីការគិតទុករបស់អគ្គិសនីកម្ពុជា ដែលធ្វើឱ្យអគ្គិសនីកម្ពុជាបង្ខំចិត្តក្នុងការផ្តាច់អគ្គិសនី ប្រើប្រាស់នៅតាមតំបន់មួយចំនួន។
លោកបានបន្ថែមថា បច្ចុប្បន្នកម្ពុជាត្រូវការប្រើប្រាស់ អគ្គិសនីចំនួន ៣១លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ខណៈដែលឆ្នាំ២០១៨ កម្ពុជាត្រូវការតែ ២៥.៥លានវ៉ាត់ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះបច្ចុប្បន្នកម្ពុជាអាចធ្វើការផ្គត់ផ្គង់ បានតែ ចំនួន ជាង២៧លានវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលទាមទារឱ្យមានការទិញពីបរទេស។
ជាដំណោះស្រាយបន្ទាន់ កាលពីដើមសប្ដាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសបញ្ជាទិញកប៉ាល់ផលិតអគ្គីសនីពីប្រទេសទួរគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ ដើប្បីឆ្លើយតបទៅនៅនឹងកង្វះខាត នៃការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈបច្ចេកវិទ្យាទំនើប ដូចជា រោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត៕