អ្នកជំនាញជប៉ុនសិក្សាលើលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនាពេលអនាគត

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សា ជាមួយទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិជប៉ុន(JICA) ស្តីពីគម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់ប្រទេសកម្ពុជា។

លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយមន្រ្តីទីភ្នា​ក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានចូលរួមពីប្រធាននាយកដ្ឋានផ្លូវថ្នល់ មន្ត្រីបច្ចេកទេស និងជំនា​ញការស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ បានផ្តោតលើការសិក្សា ដើម្បីធ្វើឱ្យប្រ​សើរឡើង នូវលំហូរចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ ការសាងសង់ស្ពានបន្ថែម ការសាងសង់ស្ពានអាកាស ការពង្រីកផ្លូវបន្ថែម និងការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថិតតាមបណ្តោយកំណាត់ផ្លូវជាតិលេខ១ សម្រាប់ពេលអនាគត។

ភាគីជប៉ុនដែលតំណាងដោយJICA បានចុះសិក្សា និងប្រ​មូ​លព័ត៌មានជាធាតុចូល និងបានលើកឡើងនូវគម្រោងអាទិភាពមួយចំនួនដាក់ជូនក្រសួង ដើម្បីពិនិត្យពិភាក្សា និងសម្រេចយកគម្រោងអាទិភាព ដែលសមស្រប ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងសម្រាប់ពេលខាងមុខ។

លោកតូច ចាន់កុសល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់ជប៉ុនមកដល់កម្ពុជា។ ចំពោះគម្រោងអាទិភាពដែលJICA លើកឡើង ក្រសួងនឹងធ្វើការពិនិត្យ ទៅតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីកាត់បន្ថយការប៉ះពាល់ ការរំខានដល់ប្រជាពលរដ្ឋ និងពិភា​ក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការឆ្លើយតបត្រឡប់ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here