ដោយ: គង់ លាងហួរ
អន្តរជាតិ: អនាគតនៃវិស័យឧស្សាហកម្ម ផលិតបន្ទះសូឡា នៅក្នុងតំបន់អាស៊ាន កំពុងជាប់ផុងក្នុងភាពមន្ទិលសង្ស័យ ខណៈសហរដ្ឋអាមេរិក អាចនឹងដំឡើងពន្ធយ៉ាងខ្ពស់ ទៅលើការនាំចូលបន្ទះសូឡាពីតំបន់មួយនេះ សំដៅការពារផលិតករក្នុងស្រុក។
ក្រុមហ៊ុនចិនបានបង្កើត រោងចក្រផលិតបន្ទះសូឡាក្នុងប្រទេសសមាជិកអាស៊ាន ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ និងត្រូវបានចោទប្រកាន់ ពីបទព្យាយាមគេចវេសពីការបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិក។
-->
គេបានសង្កេតឃើញក្រុមហ៊ុនចិនយ៉ាងតិចចំនួន២ រួមមានក្រុមហ៊ុន Longi Green Energy Technology និងក្រុមហ៊ុន Trina Solar Co បានក្លាយជាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈក្រុមហ៊ុនទាំង២នេះ បានពង្រីកប្រតិបត្តិការនៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា។
លោកស្រី Yana Hryshko ប្រធានផ្នែកស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលពន្លឺព្រះអាទិត្យសកល នៅក្រុមហ៊ុន Wood Mackenzie បានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិនមួយចំនួន កំពុងរង់ចាំមើលថា តើកម្រិតពន្ធនឹងទៅជាយ៉ាងណា មុនពេលសម្រេចចិត្តថា តើពួកគេត្រូវការផ្លាស់ប្តូរទីតាំងឬអត់។
ភាពមិនច្បាស់លាស់នេះ បានសរបញ្ជាក់ឱ្យឃើញពីការប្រែប្រួល នៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត ស្របពេលសហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងបណ្តាប្រទេសដទៃទៀត កំពុងព្យាយាមដណ្តើមចំណែកទីផ្សារពីចិន។
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតបន្ទះ ស្រូបថាមពលពន្លឺព្រះអាទិត្យរបស់ចិន ក៏កំពុងជួបបញ្ហាប្រឈមជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនខ្នាតតូចមួយចំនួន បានបិទទ្វាររួចទៅហើយ។
លើសពីនេះ បច្ចុប្បន្ន ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកមួយចំនួន កំពុងស្នើសុំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធបន្ថែមទៀតដល់២៧២ភាគរយ លើការនាំចូលផលិតផលថាមពលពន្លឺព្រះអាទិត្យទាំងអស់ពីប្រទេសទាំង៤៕ប្រភព:Bloomberg៕
