ក្រុមហ៊ុនហ្វីលីពីនគ្រោងសាងសង់រមណីយដ្ឋានកាសុីណូថ្មីមួយនៅខេត្តទេសចរណ៍ Cebu

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Travelers International Hotel Group របស់លោកមហាសេដ្ឋីហ្វីលីពីនដើមកំណើតចិន Andrew Tan គ្រោងបណ្តាក់ទុនប្រហែល៤០០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានកាសុីណូថ្មីមួយនៅខេត្តសេប៊ូ(Cebu)ប្រទេសហ្វីលីពីន។

លោក Kevin Tan នាយកប្រតិបត្តិក្រុមហ៊ុន Alliance Global Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Travelers International Hotel Group និងត្រូវជាកូនប្រុសរបស់លោក Andrew Tan បានលើកឡើងថា ក្រុមហ៊ុនកំពុងរៀបចំផែនការចាប់ផ្តើមសាងសង់គម្រោងនេះនៅឆមាសទីមួយនៃឆ្នាំក្រោយ។

លោក Tan បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​នៅខាងក្រៅកិច្ចប្រជុំកំពូល Inside Asian Game ​ថា​ “យើង​គ្រោងចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​រមណីយដ្ឋាននេះនឹង​មានទីតាំងស្ថិតនៅ​សង្កាត់ Mactan Newtown នៃទីក្រុង Lapu-Lapu ក្នុងខេត្ត Cebu របស់​យើង​”។

យោងតាមលោក Tan បានឱ្យដឹងថា ក្រុមហ៊ុន​របស់លោកជិត​ទទួល​បាន​អាជ្ញាប័ណ្ណ​ហើយ ខណៈគម្រោងនេះបានកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ២០២៦ខាងមុខ។

គម្រោងសាងសង់អគាររមណីយដ្ឋានកាសុីណូនេះ នឹងរួមមានទាំងទីតាំងលេងហ្គេម ហាងលក់អាហារ និងភេសជ្ជៈ វីឡា និងសណ្ឋាគារលំដាប់ផ្កាយប្រាំ។

ការប្រកាសគម្រោងសាងសង់កាសុីណូនៅខេត្ត Cebu នាពេលខាងមុខ កើតឡើង បន្ទាប់ពីក្រុមហ៊ុនTravelers International Hotel Group បានទទួលជោគជ័យពីការបើកអាជីវកម្មកាសុីណូឈ្មោះ “Newport World Resorts” នៅទីក្រុង Pasay។

លើសពីនេះ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងសម្រុកសាងសង់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Mactan Expo ដែលមានកៅអីសម្រាប់ទស្សនិកជនចំនួន២.៥០០កៅអី។ មជ្ឈមណ្ឌលនេះមានទីតាំងនៅជាប់នឹងសណ្ឋាគារដែលមានស្រាប់ចំនួន២ នៅខាងក្នុងសង្កាត់ Mactan Newtown ដូចគ្នា៕ប្រភព:Philstar៕

LEAVE A REPLY

Please enter your comment!
Please enter your name here