ដោយ គង់ សូរិយា
ភ្នំពេញ៖ ថ្នាក់ដឹកនាំមូលនិធិគន្ឋបុប្ឆា ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជាមួយចំនួនហៅថាជាពេទ្យទេវតាបានអះអាងថា មន្ទីរពេទ្យនឹងនៅតែបន្តទស្សនវិស័យរបស់លោកវេជ្ជបណ្ឌិត Beat Richner តាមរយៈការពង្រឹងគុណភាព ប្រសិទ្ឋភាពនៃការព្យាបាលក្រម សីលធ៌ម និងការព្យាបាលដោយឥតគិតថ្លៃ។

-->
លោកវេជ្ជបណ្ឌិត Denis Laurent ប្រធានប្រតិបត្តិមូលនិធិគន្ឋបុប្ឆាបានមានប្រសាសន៍ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា មន្ទីរពេទ្យគន្ឋបុប្ឆាបាន និងកំពុងដើរតាមទស្សនវិស័យ និងគោលការណ៍របស់លោកវេជ្ជបណ្ឌិត Beat Richner ខណៈដំណើរការរបស់មន្ទីរពេទ្យនេះនៅតែមានភាពល្អប្រសើរ ហើយកុមារចូលសម្រាកក្នុងមន្ទីរពេទ្យបានកើនឡើង៦ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកុមារមានជំងឺធ្ងន់ធ្ងរបានកើនឡើង។

លោកបន្តថា “នៅឆ្នាំនេះករណីកុមារកើតជំងឺគ្រុនឈាមបានកើនឡើងខ្ពស់ ហើយមន្ទីរពេទ្យបានជូនដំណឹងទៅក្រសួងសុខាភិបាល ជាការឆ្លើយតបក្រសួងសុខាភិបាលបានបង្កើនការផ្សព្វផ្សាយលើករណីនេះ”។ លោកបន្តថា “ កុមារកម្ពុជានៅតែមានជំងឺផ្លូវដង្ហើម និងរលាកខួរក្បាលច្រើន ក្នុងចំណោមកុមារចូលមកសំរាកក្នុងមន្ទីរពេទ្យ ដែលក្នុងមួយថ្ងៃៗមានកុមារចន្លោះពី៣០០០ ទៅ៣៥០០នាក់បានចូលពិគ្រោះជំងឺក្រៅ និងកុមារចន្លោះពី៤០០ ទៅ៥០០នាក់នៅបានចូលសំរាកក្នុងមន្ទីរពេទ្យ ហើយអត្រាប្រើប្រាស់គ្រែជាប្រចាំមានចំនួន២៥០០នាក់រៀងរាល់ថ្ងៃ”។
ដោយឆ្លើយតបនិងបន្តបេសកកម្មរបស់លោកវេជ្ជបណ្ឌិត Beat Richner មន្ទីរពេទ្យកំពុងសាងសង់អាគារវះកាត់ប្រព័ន្ឋប្រាសាទ និងវះកាត់បេះដូងកុមារថ្មីមួយ ដែលចំណាយប្រាក់អស់ច៨លានដុល្លារ ដែលអាគារថ្មីនេះមានកម្ពស់៣ជាន់ មានបន្ទប់វះកាត់ធំបី និងមានបន្ទប់សំរាកចំនួន៦ ដែលអាចដាក់គ្រែសរុបបានប្រមាណ២០០គ្រែបន្ថែមទៀត ។ អាគារថ្មីនេះអាចបើកដំណើរការនៅថ្ងៃទី១សីហាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត Denis Laurent។

ទាក់ទងនឹងមូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យនេះពីប្រទេសស្វីស បន្ទាប់ពីមរណភាពដ៏ឆាប់រហ័សរបស់លោកវេជ្ជបណ្ឌិត Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent បានបន្តថា មូលនិធិពីប្រទេសស្វីសនៅតែដំណើរការល្អប្រសើរ ដោយមន្ទីរពេទ្យនៅតែទទួលបានការគាំទ្រ ពីរដ្ឋាភិបាលស្វីលចំនួន៤លានដុល្លារក្នុងមួយឆ្នាំ និងពីប្រជាជនស្វីសដដែល ព្រោះនាយកមូលនិធិគន្ឋបុប្ឆាលោកវេជ្ជបណ្ឌិត Peter Studer ជាអនុប្រធានមូលនិធិ និងបានធ្វើការជាមួយលោកវេជ្ជបណ្ឌិត Beat Richner តាំងពីឆ្នាំ១៩៩២មកម្លេះ។
លោកបន្តថា មន្ទីរពេទ្យត្រូវចំណាយប្រាក់ចន្លោះពី៤០ ទៅ៤២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះថវិការបស់រដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគន្ឋបុប្ឆាកម្ពុជា និងបដិភាគពីការលក់សំបុត្រចូលទស្សនាអង្គរចំនួន២ដុល្លារ ក្នុងសំបុត្រមួយសរុបមានចំនួនចន្លោះពី១៥ទៅ១៦លានដុល្លារអាមេរិក ការឧបត្ថម្ភពីវិស័យឯកជនមានចន្លោះពី៤ទៅ៥លានដុល្លារក្នុងមួយឆ្នាំ និងថវិកាសម្តេចកិត្តព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនបានផ្តល់ជូនកាកបាតក្រហមកម្ពុជាចំនួន១លានដុល្លារជារៀងរាល់ឆ្នាំ និងក្រៅពីនោះជាថវិកាបានមកពីការឧបត្ថម្ភពីផ្នែកឯកជនរបស់ប្រជាជនស្វីស។

លោកវេជ្ជបណ្ឌិត Denis Laurent បានបន្តថា “ស្ថានភាពមានការលំបាក ប៉ុន្តែអ្វីៗនៅតែដំណើរការល្អប្រសើរ ដោយយើងនឹងនៅតែមានការប្តេជ្ញាចិត្ត ដើម្បីធានានិរន្តរភាព របស់មន្ទីរពេទ្យនេះ”។ លោកបន្តថា “ទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីសសុទ្ឋតែបង្ហាញការប្តេជ្ញាចិត្តក្នុងការជួយមន្ទីរពេទ្យនេះ ដើម្បីឱ្យមន្ទីរពេទ្យនេះដំណើរការប្រកបដោយនិរន្តរភាព”៕