មន្ត្រីជាន់ខ្ពស់: អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​អាច​បំបែក​បាន​ពី​ភ្ញៀវ​ទេសចរ​ណ៍ និងអ្នក​វិនិយោគចិន

0

ភ្នំពេញ: ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញាថា អនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាមិនអាចបំបែក ឬកាត់ផ្តាច់បានឡើយពីលំហូរនៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន។

លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមានបំណងចង់ឃើញការមកដល់នៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនកាន់តែច្រើន ដោយសារកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់ពួកគេ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកបានមានប្រសាសន៍ក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ នៅខេត្តសៀមរាបថា “កំណើនភ្ញៀវទេសចរណ៍ចិនជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្ថែមថា “ប្រទេសកម្ពុជា និងបណ្តាប្រទេសជុំវិញពិភពលោកបានចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិរបស់ពួកគេ”។

លោក ប្រាក់ ផាន់ណារ៉ា បានអះអាងថា វិស័យទេសចរណ៍បានចូលរួមចំណែកជិត១៣ភាគរយដល់ផលទុនជាតិសរុប (GDP) របស់កម្ពុជា ដែលបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ “China Ready” ឡើងវិញ ហើយកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ជាច្រើនពេញមួយឆ្នាំ២០២៤នេះដូចជា អាហារដ្ឋាន វប្បធម៌ព្រះពុទ្ធសាសនា និងពិព័រណ៍ទេសចរណ៍ជាដើម។

ថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន។

លោក​បាន​ថ្លែង​ថា​ “យើង​ត្រូវ​ការ​ភ្ញៀវ​ទេសចរណ៍​ចិន​បន្ថែម​ទៀត។កំណើន​ភ្ញៀវ​ទេសចរ​ណ៍ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង”។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជំរុញអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសការងារជាច្រើន។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងប្រាសាទដ៏អច្ឆរិយៈ វប្បធម៌ដ៏រស់រវើក និងទេសភាពដ៏អស្ចារ្យ ប្រទេសកម្ពុជាបានក្លាយជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរចិនដែលស្វែងរកទាំងការផ្សងព្រេង និងការស្វែងយល់អំពីវប្បធម៌”។

លោក ធួន ស៊ីណាន បានបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន កម្ពុជាត្រូវពង្រឹងយុទ្ធសាស្ត្រទីផ្សារឌីជីថលនៅលើវេទិកាពេញនិយមរបស់ចិនដូចជាបណ្តាញសង្គម WeChat និងវេទិកា Weiboជាដើម។

អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះបានបន្ថែមថា ការបង្កើតកញ្ចប់ទេសចរណ៍ឱ្យស្របតាមតម្រូវការ និងការគូសរំលេចបទពិសោធន៍វប្បធម៌ប្លែកៗ និងភាពរីករាយក្នុងការធ្វើម្ហូប ប្រាកដជាមានភាពទាក់ទាញ”។

លើសពីនេះ ការសម្រួលដំណើរការទិដ្ឋាការ និងការផ្តល់ជូនមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានសមត្ថភាពផ្នែកភាសាចិនកុកងឺ អាចជួយបង្កើនបទពិសោធន៍ធ្វើដំណើររបស់ជនជាតិចិនយ៉ាងខ្លាំង និងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញ៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here