អ្នកជំនាញទេសចរណ៍ៈគ្រប់គ្នាត្រូវឆ្លុះបញ្ចាំងពីចំណុចខ្សោយរបស់ខ្លួន និងហ៊ានទទួលយក ដើម្បីប្រែក្លាយជាឱកាស

0

ដោយៈគង់ សូរិយា

      ភ្នំពេញៈ ស្របពេលមានការដោះដូរ រដ្ឋមន្រ្តីក្រសួងទេសច​រណ៍ថ្មី បញ្ហានៅក្នុងវិស័យនេះ ទាមទារឲ្យមានការប្តេជ្ញាចិត្តខាងនយោបាយ និងទទួលយកចំណុចខ្វះខាត ដើម្បីកែលម្អ និងបង្កើតឱកាសឡើងវិញ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោកធូន ស៊ីណានបាន​មានប្រសាសន៍ប្រាប់សារព័ត៌មានធំមួយចំៗថា ការ​ដោះ​ដូរ​សមាសភាព​នៃ​រាជរដ្ឋាភិបាល ​គឺ​ជា​កាតព្វកិច្ច​របស់​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចាត់​ចែង​​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។់

លោកបញ្ជាក់ថា “បញ្ហា​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ ហើយ​គ្រប់​គ្នា​ត្រូវ​ហ៊ាន​ឆ្លុះ​បញ្ចាំង ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ហ៊ាន​ទទួល​យក ហើយ​​រក​ឱកាស​អភិវឌ្ឍ​ចំណុច​ខ្សោយ​នោះ​ឲ្យ​ប្រសើរ​ឡើង”។

លោកធួន ស៊ីណានបានបន្តថា បើ​សិន​ទាំង​អស់​គ្នា​មិន​ទទួល​យក​ចំណុច​ខ្វះ​ខាត​របស់​យើង​ទេ​ ហើយ​នៅ​តែ​ស្រែក​ថា​យើង​ខ្លាំង យើង​ពូកែ យើង​មាន​អ្វី​គ្រប់​យ៉ាង យើង​ល្អ​ជាង​គេ យើង​មិន​បាច​មើល​គេ នោះ​យើង​នឹង​នៅ​បន្ត​ការ​លំបាក​ដោយ​មិន​ដឹង​ខ្លួន ហើយ​កាន់​តែ​រីង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក​បញ្ជាក់​ថា “ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ថា មិន​ថា​រដ្ឋមន្ត្រី​ណា មិន​ថា​បុគ្គល​ណា មាន​ស្នាដៃ​ឬ​បទ​ពិសោធន៍​យ៉ាង​ណា​មក​ទេ ចាំបាច់​ណាស់​ត្រូវ​តែ​ហ៊ាន ​ទទួល​ស្គាល់​នូវ​តថភាព ​ដែល​កំពុង​កើត​ឡើង”។ លោកបន្ថែមថា “នៅ​ពេល​យើង​វិភាគ​រក​ចំណុច​ខ្លាំង ​និង​ចំណុច​ខ្សោយ យើង​ត្រូវ​ទុក​រឿង​នយោ​បាយ​មួយ​ដុំ​សិន កុំ​យក​វា​មក​លូក​លាន់។ បើ​រក​ឃើញ​ចំណុច​ខ្លាំង​និង​ខ្សោយ​ឃើញ​ហើយ យើង​ត្រូវ​ហ៊ាន​កែ​ចំណុច​ខ្សោយ​របស់​យើង​ឱ្យ​ទៅ​ជា​ឱកាស”។

កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងមកនេះ រដ្ឋសភា​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ​សម្រាប់​ការ​កែ​សម្រួល​ឲ្យលោក​ ហួត ហាក់ ពី​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ​ទៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ហើយ​រដ្ឋមន្ត្រី​ទេសចរណ៍​ សុខ សូកេន ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​វិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here