ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវេទិកាកក់ដំណើរកំសាន្តតាមប្រព័ន្ធអនឡាញ Agoda បានឱ្យដឹងថា ការស្វែងរកទីតាំងស្នាក់នៅសម្រាប់ដំណើរកំសាន្តពីសំណាក់ប្រជាជនចិនក្នុងអំឡុង“សប្ដាហ៍មាស” លើកទី២ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែតុលា ខាងមុខ បានកើនឡើងប្រមាណ១៣៧ភាគរយធៀបនឹងឆ្នាំមុន។
យោងតាមទិន្នន័យបានបង្ហាញថា ទីក្រុងនៅតំបន់អាស៊ាន និងតំបន់អាស៊ីបូព៌ាចំនួន៥ បានកាន់កាប់តំណែងក្នុងនាមជាគោលដៅទេសចរណ៍អាទិភាពសម្រាប់ភ្ញៀវទេសចរណ៍ចិន។
យោងតាមវេទិកា Agoda បានឱ្យដឹងថា ការកើនឡើងនៃការស្វែងរកទីតាំងស្នាក់នៅ បានបង្ហាញពីការផ្លាស់ប្តូរចំណូលចិត្តរបស់ភ្ញៀវទេសចរណ៍ចិន ក្នុងអំឡុងសប្តាហ៍មាសនៅខែតុលា ឆ្នាំនេះ។
-->
កាលពីឆ្នាំមុន គោលដៅទេសចរណ៍បរទេសសំខាន់ៗទាំង៥របស់ជនជាតចិន រួមមាន ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលឈរនៅលើកំពូលតារាង តាមពីក្រោយដោយទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ទីក្រុងអូសាកា និងទីក្រុងក្យូតូរបស់ជប៉ុន និងទីក្រុងបាងកករបស់ប្រទេសថៃ។
ប៉ុន្តែ នៅឆ្នាំ២០២៤នេះ ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានក្លាយជាគោលដៅឈរនៅលើកំពូលតារាង ដោយវ៉ាដាច់ទីក្រុងតូក្យូ របស់ជប៉ុន។ ចំណែក កោះបាលី របស់ឥណ្ឌូនេស៊ី បានជាប់ក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង៥ឡើងវិញជាថ្មី ដោយបានឈរនៅលេខរៀងទី៣ តាមពីក្រោយដោយ ទីក្រុងបាងកក និងទីក្រុងអូសាកា។
ការណ៍នេះមានន័យថា ទីក្រុងបាងកក និងកោះបាលី ទីក្រុងតែ២គត់នៅតំបន់អាស៊ាន ដែលបានឈរនៅលើកំពូលតារាង ខណៈបណ្តាប្រទេសក្នុងតំបន់បានប្រកួតប្រជែងគ្នាកាន់តែខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសជនជាតិចិន។
សប្ដាហ៍មាស ឬ“Golden Week”ជាពេលវេលាដ៏សំខាន់ដែលប្រជាជនចិនចេញធ្វើដំណើរកំសាន្តទាំងក្នុងស្រុក និងចេញទៅក្រៅប្រទេស ជាពិសេសជាលក្ខណៈគ្រួសារ ក្នុងឱកាសឈប់សម្រាករយៈពេលពេញ១សប្ដាហ៍។ ជាធម្មតា ប្រទេសចិនមានសប្តាហ៍មាសចំនួន២លើកក្នុងមួយឆ្នាំ ដោយមួយលើកនៅអំឡុងបុណ្យចូលឆ្នាំថ្មី និងមួយលើកទៀតនៅអំឡុងទិវាជាតិរបស់ប្រទេសចិន។
សប្ដាហ៍មាស ជាពេលវេលាដ៏សំខាន់សម្រាប់បណ្តាប្រទេសជាច្រើន ក្នុងការចាប់យកឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន ឱ្យចូលមកទស្សនាប្រទេសរបស់ខ្លួន ដោយក្នុងនោះរួមមានគោលនយោបាយរយៈពេលវែង និងរយៈពេលខ្លី និងការធានាទំនុកចិត្តលើសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ជាដើម៕ប្រភព: The Nation៕
