តើការស្នាក់នៅទីក្រុងគូឡាឡាំពួរ មានថ្លៃចំណាយលើការរស់នៅខ្ពស់កម្រិតណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងគូឡាឡាំពួរ ដែលជាបេះដូងនៃប្រទេសម៉ាឡេស៊ី ជាទីក្រុងដ៏ល្បីល្បាញបំផុតមួយ នៅលើពិភពលោក ដែលទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ និងធ្វើឱ្យសេដ្ឋកិច្ចម៉ាឡេស៊ី កាន់តែមានភាពរីកចម្រើន។

ទីក្រុងគូឡាឡាំពួរ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅតំបន់អាស៊ាន និងមានរបៀបរស់នៅទំនើបទាន់សម័យ ដែលមនុស្សជាច្រើន តែងប្រាថ្នាចង់មករស់នៅ ជាពិសេសនៅពេលដែលពួកគេចូលនិវត្តន៍ពីការងារ ដោយសារទីក្រុងនេះមានសុវត្ថិភាពខ្ពស់។ ប៉ុន្តែតម្លៃអចលនទ្រព្យ និងថ្លៃចំណាយផ្សេងៗលើការរស់នៅ ក្នុងទីក្រុងគូឡាឡាំពួរ ក៏មានកម្រិតខ្ពស់គួរឱ្យចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ការជួលទីតាំងស្នាក់នៅទំហំ៨៥ម៉ែត្រការ៉េក្នុងតំបន់ ដែលមានតម្លៃថ្លៃ(Expensive Area) នៅទីក្រុងគូឡាឡាំពួរ និងត្រូវបានដោយបំពាក់គ្រឿងសង្ហារឹម មានតម្លៃជាមធ្យមប្រមាណ៤.២១៦រីងហ្គីត(ប្រហែល១.០២១ដុល្លារ)ក្នុងមួយខែ។

ចំណែក ការជួលទីតាំងស្នាក់នៅ ទំហំ៨៥ម៉ែត្រការ៉េក្នុងតំបន់ធម្មតា(Normal area) និងត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមដូចគ្នា មានតម្លៃជាមធ្យមត្រឹមតែ២.៥៩៣រីងហ្គីត (ប្រហែល៦២៨ដុល្លារ)ក្នុងមួយខែ។

រីឯ ការជួលអាផាតម៉ិនប្រភេទ Studio ទំហំ៤៥ម៉ែត្រការ៉េក្នុងតំបន់ដែលមានតម្លៃថ្លៃ និងត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម មានតម្លៃជាមធ្យមចំនួន២.៤៣៦រីងហ្គីត (ប្រហែល៥៩០ដុល្លារ)ក្នុងមួយខែ។

ក្នុងនោះដែរ ថ្លៃចំណាយប្រចាំខែលើទឹកភ្លើងអគ្គិសនី កំដៅ និងហ្គាសសម្រាប់មនុស្សចំនួន១នាក់ ដែលរស់នៅក្នុងអាផាតម៉ិនប្រភេទStudio ទំហំ៤៥ម៉ែត្រការ៉េមានតម្លៃ២៣០រីងហ្គីត(ប្រហែល៥៥,៧០ដុល្លារអាមេរិក)ក្នុងមួយខែ។

ចំណែក ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿ​ន៨មេហ្គាប៊ីតក្នុងមួយវិនាទី មានតម្លៃ១១៧រីងហ្គីត(ប្រហែល២៨,៣៤ដុល្លារ)ក្នុងមួយខែ ខណៈថ្លៃបោសសំអាត និងសេវាអនាម័យ មានតម្លៃ៣១រីងហ្គីត (ប្រហែល៧,៥១ដុល្លារ)ក្នុងមួយម៉ោង៕ប្រភព: expatistan.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here