ដោយៈ គង់ សូរិយា
សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនអ៊ីមមើស៊ីវ អង្គរ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើត “សារមន្ទីរអ៉ីមមើស៊ីវ អង្គរ”នៅក្នុងខេត្តសៀមរាប។
ពិធីចុះMOUនេះ ធ្វើឡើងរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនអ៊ីមមើស៊ីវ អង្គរ ដើម្បីបង្កើតសារមន្ទីរអ៊ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅក្នុងខេត្តសៀមរាប។
-->
លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ បន្ទាប់ពីពិធីចុះហត្ថលេខា កាលពីពេលថ្មីៗនេះថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ចសហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួលបាន បទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរជារូបតំណាងផ្នែកវប្បធម៌ពិភពលោកដ៏រឹងមាំ។
គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់ ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវ នៃប្រវត្តិសាស្រ្ត និងបញ្ហារស៊ើបផ្នែកវប្បធម៌ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ នឹងអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ។
លោកកែ ប៊ិនសូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីមមើស៊ីវ អង្គរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានសារសំខាន់ណាស់ សម្រាប់ចែករំលែកប្រវត្តិសាស្រ្តអង្គរ តាមរយៈបច្ចេកវិទ្យាថ្មីៗ។ សារមន្ទីរអ៊ីមមើស៊ីវ អង្គរ នឹងផ្តល់ជូននូវការធ្វើដំណើរឆ្លងកាត់ពេលវេលា ធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏ធានាបាននូវការអភិរក្សកេរដំណែល នៃបេតិកភណ្ឌវប្បធម៌។
គម្រោងខាងលើនេះ មិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គឺការស្កេនប្រាសាទទ្រង់ទ្រាយធំ នឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរដំណែលរបស់ប្រាសាទ សម្រាប់មនុស្សជំនាន់ក្រោយ៕
