ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់ប្រទេសឥណ្ឌា IndiGo គ្រោងនឹងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០២៥ខាងមុខ។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ IndiGo គ្រោងនឹងបើកផ្លូវហោះហើរត្រង់ចំនួន២តភ្ជាប់រវាងប្រទេសឥណ្ឌា និងកម្ពុជា។
ផ្លូវហោះហើរទីមួយនឹងតភ្ជាប់ទីក្រុងញូវដេលី(New Delhi) រដ្ឋធានីរបស់ប្រទេសឥណ្ឌាមកកាន់រាជធានីភ្នំពេញ។ចំណែក ផ្លូវហោះហើរទីពីរនឹងតភ្ជាប់រវាងទីក្រុងកុលកាតា (Kolkata) ដែលជាទីក្រុងធំបំផុតទី៣របស់ឥណ្ឌាមកកាន់ខេត្តសៀមរាប។
-->
កន្លងទៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានសម្រេចផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុន IndiGo រួចមកហើយ ខណៈក្រុមហ៊ុនអាកាសចរណ៍នេះកំពុងរង់ចាំពេលវេលាច្បាស់លាស់នៃការបើកដំណើរការជើងហោះហើរពិតប្រាកដ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានអះអាងថា កាលពីដំបូងឡើយ ក្រុមហ៊ុន IndiGo គ្រោងនឹងតភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការបើកជើងហោះហើរអាចនឹងត្រូវបានពន្យារពេលដល់ដើមឆ្នាំ២០២៥។
លោកជឿជាក់ថា“ការដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង២ ដូចជាការកាត់បន្ថយចម្ងាយធ្វើដំណើរ និងថ្លៃចំណាយ ជាពិសេស ស្របពេលដែលភាគីទាំងពីរមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព”។
កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌាចំនួន៤ដងក្នុងមួយសប្តាហ៍។
ក្រុមអ្នកជំនាញទេសចរណ៍មើលឃើញថា ការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាឱកាសមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាមកកាន់កម្ពុជា។
យោងតាមតួលេខពីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរណ៍ឥណ្ឌាប្រមាណ៦.០០០នាក់បានធ្វើដំណើរចូលមកទស្សនាកម្ពុជាក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ៕ប្រភព: The Star៕
