ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃគ្រោងនឹងចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា ដើម្បីខួងអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រថៃ ដែលមានទំហំទឹកប្រាក់យ៉ាងតិច៣០០ពាន់លានដុល្លារ ខណៈប្រទេសទាំង២បានខ្វែងគំនិតគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។
នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា បានមានប្រសាសន៍ឱ្យដឹងថា ការរុករករួមគ្នានេះស្ថិតក្នុងចំណោមគោលដៅបន្ទាន់កំពូលទាំង១០ក្រោមរដ្ឋបាលរបស់លោកស្រី ខណៈថៃកំពុងព្យាយាមបង្កើនទុនបម្រុង ទប់ស្កាត់តម្លៃថាមពលអគ្គិសនី និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ។
កាលពីដើមឆ្នាំនេះ ប្រទេសជិតខាងទាំង២បានព្រមព្រៀងគ្នាដើម្បីពិភាក្សាអំពីរបៀបទាញយកផលប្រយោជន៍ប្រកបដោយសមធម៌ពីតំបន់ទាមទារត្រួតសុីគ្នា(OCA) ទំហំ២៦.០០០គីឡូម៉ែត្រការ៉េ។ តំបន់នេះត្រូវបានគេប៉ាន់ស្មានថា មានផ្ទុកឧស្ម័នធម្មជាតិប្រហែល១០ទ្រីលានហ្វីតគូប និងប្រេងឆៅចំនួន៣០០លានបារ៉ែល។
-->
ដំណើរការនៃការចរចានេះនឹងមិនមានភាពងាយស្រួលនោះទេ ដោយសារថៃនិងកម្ពុជា ធ្លាប់មានប្រវត្តិជម្លោះការទូត និងបញ្ហារសើបរបស់ភាគីទាំង២ជុំវិញដែនអធិបតេយ្យភាព។ការចរចាបានជាប់គាំងចាប់តាំងពីឆ្នាំ២០០១ បន្ទាប់ពីប្រទេសទាំង២បានព្រមព្រៀងគ្នាថា ការទាមទារដែនទឹកត្រូវតែពិភាក្សាក្នុងពេលតែមួយជាមួយនឹងការអភិវឌ្ឍន៍ធនធានរួមគ្នា។
លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានថ្លែងនៅក្នុងសភាកាលពីខែមុនថា “យើងមិនចាំបាច់ដោះស្រាយមតិយល់ឃើញផ្សេងៗគ្នាអំពីព្រំដែននោះទេ។ យើងគ្រាន់តែត្រូវការបើកការជជែកគ្នាជាមួយប្រទេសជិតខាង និងព្យាយាមប្រើប្រាស់អត្ថប្រយោជន៍ពីធនធានទាំងនោះ ”។
ចំណែក លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយប្រទេសថៃ។ លោកបានមានប្រសាសន៍ឱ្យដឹងថា “ប្រសិនបើរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ នោះយើងរីករាយក្នុងការបន្តការចរចា”។
យោងតាមអតីតរដ្ឋមន្ត្រីក្រសួងថាមពលថៃលោក Pichai Naripthaphan បានឱ្យដឹងថា ភាគីទាំងសងខាងបានស្នើឡើងនូវគម្រូចែករំលែកប្រាក់ចំណូលពីការទាញយកធនធានរួមគ្នានៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា(OCA) ។
ប្រសិនបើការចរចាទទួលបានជោគជ័យ គម្រោងអភិវឌ្ឍន៍រួមគ្នានេះនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន Chevron Corp ក្រុមហ៊ុនShell Plc និងក្រុមហ៊ុន PTT Exploration & Production របស់ប្រទេសថៃ ដែលបានទទួលសម្បទានកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែមិនទាន់អាចធ្វើការរុករកធនធានណាមួយនៅក្នុងតំបន់ជម្លោះនេះបាននៅឡើយទេ។
ចំណែក ក្រុមហ៊ុន ConocoPhillips និងក្រុមហ៊ុន TotalEnergies SE ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថាបានទទួលសិទ្ធិសម្បទាននៅកម្ពុជា៕ប្រភព: SCMP៕
