ដោយ: គង់ លាងហួរ
អន្តរជាតិ: ភ្ញៀវទេសចរណ៍បានចាប់ផ្តើម
សម្រុកស្វែងរកព័ត៌មានអំពីទីតាំងធ្វើដំណើរកំសាន្តនៅបរទេសសម្រាប់ឆ្នាំ២០២៥ខាងមុខ ខណៈនៅសេសសល់ជាង២ខែទៀតប៉ុណ្ណោះ ឆ្នាំ២០២៤ នឹងកន្លងហួសផុត។
ជាមួយគ្នានេះ វេទិកាអនឡាញ SkyScanner តែងបានផ្សព្វផ្សាយរបាយការណ៍ស្តីពីនិន្នាការនៃការធ្វើដំណើរជារៀងរាល់ឆ្នាំ ដោយបានចាត់ថ្នាក់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត ដោយផ្អែកលើទិន្នន័យនៃការស្វែងរកដំណើរកំសាន្ដដោយពលរដ្ឋរបស់ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យនៃការស្រាវជ្រាវលើវេទិកា SkyScanner បានរកឃើញថា អ្នកដំណើរជនជាតិអង់គ្លេសភាគច្រើនមានចំណាប់អារម្មណ៍ទៅលើគោលដៅទេសចរណ៍ ដែលមិនសូវមានគេស្គាល់ទូលំទូលាយ។
-->
តួយ៉ាង សម្រាប់ឆ្នាំ២០២៥ខាងមុខ ទីក្រុង Reggio Calabria ជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ជនជាតិអង់គ្លេស ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសអុីតាលីមួយនេះមានការកើនឡើង៥៤១ភាគរយ។
ជាមួយគ្នានេះ ទីក្រុង Tartu ជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី២របស់ជនជាតិអង់គ្លេស ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងនៅប្រទេស Estonia មួយនេះមានការកើនឡើង២៩៤ភាគរយ។
ចំណែក ទីក្រុងសៀមរាបរបស់កម្ពុជាបានឈរនៅលេខរៀងទី៣ ក្នុងនាមជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី៣របស់ជនជាតិអង់គ្លេសក្នុងចំណោមគោលដៅកំពូលទាំង១០ ខណៈការស្រាវជ្រាវរកពត៌មានអំពីទីក្រុងសៀមរាបមានការកើនឡើង២៤១ភាគរយ។
រីឯ ចំណាត់ថ្នាក់លេខ៤បានទៅលើទីក្រុងបាល់ទីម័រ របស់សហរដ្ឋអាមេរិក ខណៈចំណាត់ថ្នាក់លេខ៥បានទៅលើទីក្រុង Portsmouth របស់ប្រទេស Dominica ហើយចំណាត់ថ្នាក់លេខ៦បានទៅលើទីក្រុង Córdoba នៃប្រទេសអេស្ប៉ាញ។
ចំណែក ចំណាត់ថ្នាក់លេខ៧ លេខ៨ លេខ៩ និងលេខ១០ បានធ្លាក់ទៅលើទីក្រុង Tromsø នៃប្រទេសន័រវេស ទីក្រុង Panglao Bohol នៃប្រទេសហ្វីលីពីន ទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់ និងទីក្រុង Thiruvananthapuram នៃប្រទេសឥណ្ឌារៀងៗគ្នា៕ប្រភព: Time Out Worldwide៕
