ដោយ វុត្ថា
ព្រះសីហនុ៖ ប្រឡាយទឹកកខ្វក់ហូរចូលទៅសមុទ្រចំណុចឆ្នេរសុខា ដែលប្រជាពលរដ្ឋព្រួយបារម្ភកន្លងមក ត្រូវបានបិទលែងឱ្យហូរចូលសមុទ្រទៀតហើយ ដោយជំនួសមកវិញ នូវទឹកស្អាតដែលបានឆ្លងកាត់ស្ថានីយ៍ អាងប្រព្រឹត្តិកម្មនៅអូរឈើទាល ដើម្បីចម្រោះជាតិពុលសិនមុនបង្ហូរចូលទៅសមុទ្រ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ដ្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសរសេរនៅក្នុងទំព័រហ្វេសបុកផ្លូវការ នៅថ្ងៃទី២៦កន្លងមកថា “វេលាម៉ោង១៤ រសៀល ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ លែងមានទឹកកខ្វក់ហូរចូលទៀតហើយ។ តទៅនេះឆ្នេរសមុទ្រនៅខេត្តព្រះសីហនុរបស់យើង នឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញហើយ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានមាន ប្រសាសន៍ថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខាខាងលើនេះ ដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយខាងលើនេះហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី3 ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាល ធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រ ព្រោះការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បានរួចរាល់និងកំពុងដំណើរការសាកល្បង។
លោកបន្ថែមថា ជាគោលបំណងដ៏សំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានរហូរចូលសមុទ្រឱ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។ រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគតបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត។
ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿន ក្នុងឆ្នាំ២០១៨កន្លងមក ដោយមានអគារពាណិជ្ជកម្ម សណ្ឋាគារតូច ធំ ខុនដូ ផ្ទះសំណាក់ កំពុងកើតឡើងជាបន្តបន្ទាប់ បញ្ហាសំណល់រឹងរាវក៏មានការកើនឡើងផងដែរ ទាមទារឱ្យរាជរដ្ឋាភិបាលគិតគូរដោះស្រាយជាចាំបាច់នូវប្រព័ន្ធអាងច្រោះទឹកកខ្វក់ ដើម្បីបញ្ចៀសនឹងកាត់ បន្ថយការបំពុលបរិស្ថានទឹកសមុទ្រ និងឆ្នេរខ្សាច់។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គ្រាន់តែនៅឆ្នាំ២០១៨ មានគម្រោងសំណង់មានកម្ពស់លើសពី៤០ជាន់ឡើងលើ ចំនួន២គម្រោង ក្នុងចំណោមគម្រោងសំណង់ ដែលបានដាក់ពាក្យស្នើសុំច្បាប់សាងសង់សរុបចំនួន៧៥គម្រោង ដែលបានចុះបញ្ជីការសាងសង់នៅក្នុងឆ្នាំ២០១៨តែ១ឆ្នាំ។ ចំណែកតួលេខគម្រោងសំណង់ សរុបនៅក្នុងខេត្តព្រះសីហនុ មានចំនួនជាង ៣០០គម្រោង៕