ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនThe Room Design Studio របស់ប្រទេសស៊ុយអែត បានចុះអនុស្សរណៈយោគយលល់គ្នា ជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបោះទុនវិយោគអភិរក្សធនធានធម្មជាតិក្នុងឧទ្យានឫស្សីត្រឹប។

លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជាបានឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមីនានេះថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ កើតមានឡើងក៏ដោយសារតែភាគីទាំងពីរ មានហេតុផលស្រដៀងគ្នាស្របនឹងចក្ខុវិស័យ នៃប្រទេសទាំងពីរលើការសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
-->
លោកស្រីបន្ថែមថា “នៅស៊ុយអែត ព្រៃឈើមិនគ្រាន់ជាអំណោយពីធម្មជាតិ តែព្រៃឈើជាកេរតំណែលសំខាន់សម្រាប់ការរស់នៅ និងសម្រាប់លើកស្ទួយសេដ្ឋកិច្ច ដូច្នេះការអភិរក្ស និងការអភិវឌ្ឍ ជាកត្តាចម្បងដែលត្រូវធ្វើចាំបាច់ ហើយសង្ឃឹមថា ស្ថាប័នឯកជនផ្សេងទៀត នឹងមកចូលរួមក្នុងការងារប្រភេទនេះ ជាមួយរាជបណ្ឌិត្យសភាកម្ពុជាថែមទៀត”។
លោក Love Englund ប្រធានក្រុមហ៊ុន The Room Design Studioដែលបានចុះទៅធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានឫស្សីត្រឹប ហើយបានកត់សម្គាល់ឃើញថា តំបន់ឧទ្យានសម្បូរទៅដោយតម្លៃវប្បធម៌ សម្បត្តិធម្មជាតិ មានព្រៃឈើ និងសត្វព្រៃជាច្រើន។ ក្រុមហ៊ុនលោក បានតាំងចិត្តនឹងជួយជំរុញ ការអភិរក្សប្រកបដោយចីរភាព និងជួយដល់ការបណ្តុះបណ្តាលក្រុមឧទ្យានុរក្សរបស់ឧទ្យានឫស្សីត្រឹបផងដែរ។
លោកបានបន្ថែមថា “ខ្ញុំនិងភរិយា បានឯកភាពគ្នាក្នុងការរួមចំណែកជួយដល់ការដាំដើមឈើយកកាបោន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា”។ លោកបន្តថា“គិតតាំងពីឆ្នាំ២០១៧មកក្រុមហ៊ុនThe Room Design Studio នៅកម្ពុជា មិនត្រឹមតែមានបំណងជួយលើកកម្ពស់បរិស្ថានប៉ុណ្ណោះទេ គឺថែមទាំងលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ”។

លោករំពឹងថា ក្រុមហ៊ុនរបស់លោក អាចជួយរួមចំណែកបានច្រើនក្នុងគោលដៅដាំដើមឈើឱ្យបាន១លានដើម ក្នុងរយៈពេល៦ឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា កំពុងអនុវត្តតាមគោលដៅក្នុងការដាំដើមឈើក្នុងតំបន់ឧទ្យានឡើងវិញឱ្យបាន១លានដើម ក្នុងអំឡុងពេល៦ឆ្នាំ។ បច្ចុប្បន្នតំបន់ឧទ្យានក៏ទទួលបានការជ្រោមជ្រែងពីឯកឧត្តមបណ្ឌិត លឹម គានហោ ជីកស្រះទឹកចំនួន៦រួចទៅហើយ។ ស្រះ ទឹកទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ជាជម្រកសត្វ និងរក្សាការពារសត្វព្រៃពីការស្រេកឃ្លាន ក៏ដូចជាការសម្លាប់សត្វដែលរត់ចូលភូមិទៅរកទឹកផឹក។

លោកបណ្ឌិតបន្តថា “រាជបណ្ឌិត្យសភាកម្ពុជា នឹងខិតខំជួយជំរុញលើកស្ទួយជីវភាពប្រជាជន ដែលរស់នៅក្បែរតំបន់ឧទ្យាន តាមរយៈការផ្តល់ការងារពីការអភិវឌ្ឍនិងប្រែក្លាយតំបន់ឧទ្យាន ទៅជាគោលដៅទេសចរណ៍សំខាន់៣ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៌ និងទេសចរណ៍សិប្បនិមិត្ត”៕
