ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air គ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់រវាងទីក្រុងធំនានាៗរបស់ប្រទេសចិន ជាមួយទីក្រុងសំខាន់ៗរបស់កម្ពុជា នឹងជួយឱ្យកម្ពុជាទទួលបានផលវិជ្ជមានច្រើន ទាំងវិស័យទេសចរណ៍ ការផ្លាស់ប្តូរទំនិញ ព្រមទាំងកំណើននៃការវិនិយោគ។
នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Air លោក Zhan David នៅក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលសប្តាហ៍មុនបានអះអាងថា នៅឆ្នាំ២០២៥ ខាងមុខ ក្រុមហ៊ុន Cambodia Angkor Air គ្រោងនឹងបង្កើន និងបន្ថែមជើងហោះហើរត្រង់ រវាងទីក្រុងធំនានាៗនៅប្រទេសចិនជាមួយកម្ពុជា ហើយក្រុមហ៊ុនក៏នឹងបង្កើនជើងហោះហើរក្នុងស្រុកផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិនមកប្រទេសកម្ពុជា។
-->
លោក Zhan David ក៏បានសន្យានឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា ទៅដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងក៏មានផែនការរៀបចំវេទិកា ជំនួបធុរកិច្ចរវាងវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែម ពីប្រទេសចិនមកកម្ពុជា។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប៣,៧៤២,២៣០ នាក់កើនឡើង២៣,២ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសចិន មានចំនួន៥៣៨,៨៣៤នាក់ កើនឡើង៤៧,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ ភាសាចិនកម្ពុជាលោក អនហេង សុភ័ក្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ជនជាតិចិនត្រូវបានចាត់ទុក ជាភ្ញៀវទេសចរសក្តានុពលមួយ ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយចំនួនភ្ញៀវទេសចរចិន ដែលមកកម្សាន្តនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ បើទោះបីមិនទាន់មានចំនួនច្រើន ដូចកាលពីមុនការរីករាលដាលជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា ការបង្កើនចំនួនជើងហោះហើរ ឬគោលដៅចុះចតថ្មី គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការបង្កភាពងាយស្រួល ឬទាក់ទាញជនបរទេស ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន”។
លោកប្រាប់ទៀតថា ជាទូទៅភ្ញៀវទេសចរចិន មកស្នាក់នៅកម្ពុជាចន្លោះពី៥-៨ថ្ងៃ ហើយតំបន់ទេសចរណ៍ដែលជាគោលដៅសំខាន់ សម្រាប់ភ្ញៀវទេសចរចិន គឺតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

