ដោយ: គង់ លាងហួរ
ហាណូយ: កម្ពុជាបានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមទិដ្ឋាការរួមគ្នា“ប្រទេសចំនួនប្រាំមួយ គោលដៅតែមួយ” ក្នុងគោលបំណងជួយសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងតំបន់។
ការបង្ហាញការគាំទ្របានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ ជាមួយលោក Dusit Manapan និងលោកស្រី Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពិភាក្សាអំពីការធ្វើដំណើរឆ្លងព្រំដែនកាលពីថ្ងៃច័ន្ទម្សិលមិញ។
-->
ភាគីកម្ពុជាបានយល់ព្រម បន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានា ហើយមតិកែលម្អ នឹងត្រូវបានដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីរបស់កម្ពុជា ដើម្បីពិនិត្យពិចារណា និងអនុម័ត។
កន្លងមក រដ្ឋាភិបាលថៃបានស្នើបង្កើតទិដ្ឋាការរួមប្រភេទ Schengen សម្រាប់ប្រទេសចំនួន៦ រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ប្រសិនបើត្រូវបានអនុវត្តន៍ អ្នកធ្វើដំណើរអន្តរជាតិ អាចចូលទៅកាន់ប្រទេសទាំង៦ ដោយកាន់ទិដ្ឋាការ ឬលិខិតអនុញ្ញាតតែមួយប៉ុណ្ណោះ។
គំនិតផ្តួចផ្តើមនេះ បានយកគំរូតាមទិដ្ឋាការ Schengen រប ស់សហភាពអឺរ៉ុប ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍បរទេ ស អាចធ្វើដំណើរដោយសេរី ទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។
រដ្ឋាភិបាលថៃ ក៏គ្រោងនឹងចាប់ផ្តើមពិភាក្សាគោលនយោ បាយជាមួយកម្ពុជា ក្នុងក្របខ័ណ្ឌជាគម្រោងសាកល្បងមួយ ដោយមានគោលដៅពង្រីក កិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំខាងលើ ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍។ ចំណុចសំខាន់ៗរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ការបង្កើតការតភ្ជាប់ផ្លូវទេសចរណ៍ ជាពិសេសការតភ្ជាប់ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបង្កើនការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំង៦។
បន្ថែមពីលើនេះ ប្រតិទិនទេសចរណ៍ក្នុងតំបន់ត្រូវបានស្នើបង្កើតឡើង ដើម្បីផ្សារភ្ជាប់ពិធីបុណ្យសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថៃ-ឡាវ-ខ្មែរ និងបុណ្យចូលឆ្នាំចិន និងផ្តល់ជូនការបញ្ចុះតម្លៃសណ្ឋាគារ ដល់ភ្ញៀវទេសចរណ៍ និងជាពិសេស ការពន្លឿននីតិវិធីអន្តោប្រវេសន៍៕ប្រភព: Vnexpress & Bangkok Post៕
