ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចមានសន្ទុះងើបឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តើកត្តាអ្វីខ្លះដែលនាំឱ្យរីកចម្រើនសេដ្ឋកិច្ចចិន?។
យោងតាមការសិក្សាស្រាវជ្រាវរបស់លោកជឹម សុជាតិ មន្ត្រីនៃមជ្ឈមណ្ឌលសិក្សាភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះផ្សាយនៅក្នុងគេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២៧ ខែមី ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា សេដ្ឋកិច្ចចិនប្រទេសចិនបានកើនសន្ទុះខ្លាំង ដោយសារកត្តាសំខាន់ជាច្រើនរួមមាន ទី កំណែទម្រង់សេដ្ឋកិច្ចរបស់ចិនមុនឆ្នាំ២០១២។ ទី២. កំណែទម្រង់សេដ្ឋកិច្ចទីផ្សារសេរីរបស់ចិននាពេលបច្ចុប្បន្ន ទី៣. កត្តាចូលរួមកំណើនពីកម្លាំងពលកម្មមូលធន ទី ៤. គោលនយោបាយឧស្សាហកម្មត្រូវបានគាំទ្រដោយកម្លាំងពលកម្មរាប់រយលាននាក់ ទី៥ ការអភិវឌ្ឍវិស័យធនធានមនុ ស្ស និងការកើនឡើងផលិតភាព និងទី៦ ប្រទេសចិនបានចម្លងការផលិតផលិតផលពីប្រទេសមហាអំណាចសេដ្ឋកិច្ច។
លោកបន្តថា “កត្តាទាំង៦ខាងលើនេះហើយ ដែលបានជំរុញឱ្យមហាយក្សចិនក្លាយជាប្រទេសមានការលូតលាស់សេដ្ឋកិច្ច ដែលអាចប្រកួតប្រជែងនឹងប្រទេសមហាអំណាចផ្សេងទៀតជាពិសេសសហរដ្ឋអាម៉េរិក”។
បើតាមប្រភពពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានបង្ហាញថា នៅឆ្នាំ២០១៦ ក្នុងចំណោមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ប្រទេសចិនបានឈរនៅលំដាប់លេខរៀង២ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងបន្តរត់ពីក្រោយប្រទេសចិនដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និងឥណ្ឌា។
ទន្ទឹមនឹងនេះដែរ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ដែលផ្សាយដោយ European Commission បានបង្ហាញពីការសន្ទុះកំណើនឡើងយ៉ាងខ្លាំងរបស់ប្រទេសចិន ក្នុងមួយទសវត្សរ៍ចុងក្រោយ គិតត្រឹមឆ្នាំ២០១៧។
នៅឆ្នាំ២០១៧ ប្រទេសចិនបាននាំចេញសរុប២,៣ទ្រីលានដុល្លារ និងការនាំចូលប្រមាណ១,៨ ទ្រីលានដុល្លារ គឺមានកំណើនខ្លាំងប្រៀបធៀបនឹងឆ្នាំ២០០៧ ដែលមានទំហំនាំចេញត្រឹមតែជា១ទ្រីលានដុល្លារ។ អតិរេកជញ្ជីងពាណិជ្ជកម្មនៅឆ្នាំ២០១៧ មានប្រមាណ ៤៥៦ពាន់លានដុល្លារ ដែលអាចឱ្យប្រទេសចិនទទួលទុនបម្រុងជាដុល្លារបន្ថែមយ៉ាងច្រើន ហើយសព្វថ្ងៃទុនបម្រុងរបស់ចិនបានកើនដល់ចំនួន ៣,១៧ទ្រីលានដុល្លារ ខណៈដែលឆ្នាំ២០០៧ មានអតិរេកជញ្ជីងពាណិជ្ជកម្ម ត្រឹមតែជា ២១៩ពាន់លានដុល្លារ ប៉ុណ្ណោះ៕