ក្រុមហ៊ុនApple នាំមុខក្រុមហ៊ុន Huawei ដោយក្តោបបានចំណែកទីផ្សារដ៏ធំបំផុតទី២នៅក្នុងប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Apple បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនធំជាងគេបំផុតទី២ នៅប្រទេសចិន ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដោយវ៉ាដាច់ក្រុមហ៊ុន Huawei ដោយសារតែការលក់​ទូរស័ព្ទសេរ៊ី iPhone 16។

ក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ២ ដោយកាន់កាប់ចំណែក ទីផ្សារចិនចំនួន១៥,៦ភាគរយ ខណៈក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយកាន់កាប់ចំណែកទីផ្សារចំនួន១៥,៣ភាគរយ។  នេះបើយោងតាមទិន្ន​ន័យពីស្ថាប័នស្រាវជ្រាវ International Data Corporation(IDC)។

ចំណែក ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមហ៊ុនផលិតទូរស័ព្ទ Vivo។ ក្រុមហ៊ុននេះ ក្តោបបានចំណែកទីផ្សារស្មាតហ្វូនចំនួន១៨,៦ភាគរយ ក្នុងត្រីមាសទី៣។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកួតប្រជែងជាមួយទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ខណៈកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បានចេញលក់ម៉ូដែលទូរស័ព្ទ Pura 70 ចុងក្រោយបំផុតរបស់ខ្លួន។

ក្រុមហ៊ុនយក្ស Apple របស់មហាសេដ្ឋីអាមេរិកលោក Tim Cook បានប្រឈមមុខនឹងបញ្ហាចម្បង នៅក្នុងប្រទេសចិន រួមទាំងការរឹតបន្តឹង មិនឱ្យទីភ្នាក់ងាររដ្ឋាភិបាលចិនមួយចំនួន ប្រើប្រាស់ទូរស័ព្ទ iPhone។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានដាក់ចេញយុទ្ធនាការបញ្ចុះតម្លៃជាច្រើន ដើម្បីជំរុញការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។

មូលហេតុដែលក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណែកទីផ្សារចិននៅត្រីមាសទី៣ បណ្តាលមកពីការលក់ទូរស័ព្ទ iPhone 16 ថ្មីដែលបានដាក់លក់នៅថ្ងៃទី២០ ខែកញ្ញា។

នៅថ្ងៃដដែលនោះ ក្រុមហ៊ុន Huawei បានដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនអេក្រង់បត់៣តង់ ដើម្បីធ្វើការប្រកួតប្រជែង៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here