ក្រុមហ៊ុនយក្សជប៉ុនចំនួន២បោះទុនវិនិយោគរួមគ្នា សាងសង់មូលដ្ឋានអ៊ីនធើណេតឥតខ្សែនៅកម្ពុជា

0

ដោយ: គង់ លាងហួរ

តូក្យូ: ក្រុមហ៊ុនយក្ស NTT Docomo និងក្រុមហ៊ុន Nippon Electric Company (NEC) របស់ប្រទេសជប៉ុន បានបង្កើតគម្រោងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីធ្វើតេស្តសាកល្បងបណ្តាញអ៊ីនធើណេតឥតខ្សែនៅកម្ពុជា ដែលអាចនាំទៅដល់ការផ្គត់ផ្គង់សេវា 5G នាពេលអនាគត។

គម្រោងបណ្តាក់ទុនរួមគ្នាមានឈ្មោះថា “Orex Sai” ដោយគ្រោងសាងសង់ បណ្តាញអ៊ីនធើណេត 4G នៅតំបន់ពាណិជ្ជកម្មដ៏ធំមួយនៅកម្ពុជា ឱ្យបានឆាប់ក្នុងឆ្នាំសារពើពន្ធ២០២៤ ដែលនឹងបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ បណ្តាញនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការផ្លាស់ប្តូរទៅកាន់សេវាអ៊ីនធើណេត 5G នាពេលអនាគត។

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនទាំង២ មានគោលបំណ​ងឈានជើងចូលទីផ្សារ ដែលកំពុងរីកចម្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន Huawei Technologies។ បច្ចុប្បន្ន បណ្តាញទូរគមនាគមន៍នៅកម្ពុជា ពឹងផ្អែកលើក្រុមហ៊ុនយក្សចិន Huawei ។

បច្ចុប្បន្ន ប្រទេសចិនកំពុងគ្រប់គ្រងចំណែកដ៏ធំ នៅក្នុងទីផ្សារស្ថានីយ៍ មូលដ្ឋានអ៊ីនធើណេតឥតខ្សែសកល។ ក្នុងនោះ ក្រុមហ៊ុន Huawei បាននាំមុខកញ្ចប់ស្ថានីយ៍មូលដ្ឋាន 5G ដោយក្តោបបានចំណែក ទីផ្សារសកលចំនួន២៨ភាគរយ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Omdia របស់ប្រទេសអង់គ្លេស។

ក្រុមហ៊ុនចិន Huawei និងក្រុមហ៊ុនចិនZTE រួមគ្នាគ្របដណ្តប់ចំណែកជាង៤០ភាគរយ នៃទីផ្សារស្ថានីយ៍មូលដ្ឋាន 5G របស់ពិភពលោក ខណៈក្រុមហ៊ុនជប៉ុន មានចំណែកត្រឹមតែ៣,១ភាគរយប៉ុណ្ណោះ។

គម្រោង Orex Sai ក៏បានទទួលការគាំទ្រ ពីរដ្ឋាភិបាលជប៉ុនផងដែរ។ ក្រុមហ៊ុនជប៉ុន គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យា Open RAN ព្រោះវិធីសាស្រ្តនេះ ចំណាយថ្លៃដើមទាប តាមរយៈការច្របាច់រួមបញ្ចូលគ្នា នូវឧបករណ៍ដែលផលិត ដោយក្រុមហ៊ុនផ្សេងៗគ្នា។

ជាមួយគ្នានេះ ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុន គ្រោងនឹងផ្តល់ការឧបត្ថម្ភធន ផ្នែកហិរញ្ញវត្ថុសម្រា​ប់ការសាកល្បងរបស់គម្រោង Orex Sai។

កាលពីខែធ្នូ ឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូ ដើម្បីបង្កើនបណ្តាញទូរគមនាគមន៍ និងជួយបណ្តុះបណ្តាលសមត្ថភាព ដល់ក្រុមអ្នកជំនាញនៅកម្ពុជា៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here