ដោយ វុត្ថា
ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជា បានទទួលការហោះហើរឡើងចុះជាង១០ម៉ឺនលើកក្នុងមួយឆ្នាំ ដោយសារកំនើនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសចូលមកកម្ពុជា។
យោងតាមទំព័របណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៧ មិនានេះបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមក នេះ ប្រទេសកម្ពុជាទទួលបានជើងហោះហើរចំនួន១០៤,៨០៣ជើង កើនឡើង១៦.២% ធៀបនឹងឆ្នាំ២០១៧។ អ្នកដំនើរជាតិ និងអន្តជាតិតាមផ្លូវអាកាសចំនួន១០,៥៥៦,៥៤៧នាក់ កើនឡើង២១.១% ធៀបនឹងឆ្នាំ២០១៧។ ទំនិញបានចំនួន ៧៤,៦៥៥ តោន កើនឡើង១៥.១% ធៀបនឹង ឆ្នាំ២០១៧។ រីឯជើង ហោះហើររំលងបានចំនួន៦៦,០៩២ ជើង កើនឡើង១៣% ធៀបនឹងឆ្នាំ២០១៧ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកមានចំនួន៤៧ក្រុម ហ៊ុនកើនឡើង ២% ធៀបនឹង ឆ្នាំ ២០១៧។
-->
លោក ប៊ុន នី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍គូសបញ្ជាក់នៅក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍វឌ្ឍនភាព ការងារវិស័យអាកាសចរស៊ីវិលឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ រយៈពេលពីរដែលបានចាប់ផ្តើមពីថ្ងៃនៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៩នេះថា ឧស្សាហកម្មដឹកជញ្ជូន ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក ហើយវានៅតែ ជា វិស័យមួយដែលរីកលូតលាស់លឿនបំផុត។
លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវបានចាត់ទុក ជាយុទ្ធសាស្រ្តសំខាន់មួយផ្នែក ក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រនៅ ប្រទេសកម្ពុជាយើង”។ លោកបន្តថា “ឧស្សាហកម្មនេះមានតួនាទីសំខាន់ពីរគឺ ៖ (១) ជាសេវា កម្ម ពាណិជ្ជកម្ម និង(២) ជាយាន សម្រាប់កិច្ចការពាណិជ្ជកម្មនៅក្នុងវិស័យសេវាកម្មផ្សេងៗទៀត”។
លោកបន្តថា ការផ្លាស់ប្ដូរសំខាន់ៗជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងគោលបំណង ដើម្បីជំរុញឱ្យមានការអនុវត្ដតាមបទប្បញ្ញត្ដិ ផ្នែកសុវត្ថិភាព សន្ដិសុខ សេដ្ឋកិច្ច និងបរិស្ថាន ក្នុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសជាសកល ហើយជា ពិសេស ត្រូវអនុវត្ដតាមលក្ខខណ្ឌតម្រូវនានា របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកម៉ៅ ហាវណ្ណាល់ បានធ្វើការអំពាវនាវរដល់បណ្តាលក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបន្តពង្រឹងនូវកិច្ចសហការណ ក្នុងភាពជាដៃគូរកម្រិតជំនាញជាមួយរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) កម្ពុជាដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានការវិវត្តន៏ប្រសើរឡើងបន្ថែមទៀត និងបានធ្វើការផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ខិតខំយកចិត្តទុកដាក់ បំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណា សម្រេចឱ្យបាននូវគោលដៅអនុវត្ត នាឆ្នាំ២០១៩ខាងមុខនេះក្រោមកិច្ចសហការ ពីគ្រប់បណ្តាអង្គភាពផ្សេងៗប្រកបដោយបរិយាកាសរីករាយ និងរលូនទៅមុខ៕