ដោយៈ គង់ សូរិយា
សៀមរាបៈ ក្នុងគោលដៅជម្រុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌា បានប្រារពបើកវេទិកាទេសចរណ៍រួមគ្នានៅចុងឆ្នាំ២០២៤នេះ។
នៅសណ្ឋាគារបុរីអង្គរ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” ដោយមានការអញ្ជើញចូលរួមពី តំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំ កម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។
-->
ពិធីនេះមានការចូលរួមពីមន្រ្តីមកពី ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជា និងឥណ្ឌា ប្រមាណ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តីហួត ហាក់ បានជម្រាបជូនអង្គពិធីថា “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” នេះ ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានយកវេទិកានេះ ស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរ ដែលមានវត្តមានយ៉ាងច្រើនកុះករ ក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជា ជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ដែលនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។
លើសពីនេះលោករដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមចូលរួមទាំងអស់គ្នា ជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍៕
