ដោយៈ គង់ សូរិយា
សៀមរាបៈ ភ្ញៀវទេសចរណ៍បរទេស ចំនួនជាង៧៧ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅក្នុងរយៈពេល១០ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គរប្រមូលប្រាក់បានជិត៣៦លានដុល្លារ។
ចំណូលនេះបានកើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ។
-->
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល៣ថ្ងៃតម្លៃ៦២ដុល្លារ និង៧ថ្ងៃ មានតម្លៃ៧២ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយក្នុងថ្ងៃទី១ ខែវិច្ឆិកា កន្លងមកនេះបានឱ្យដឹងថា ចាប់ពីខែមករា-ដល់ខែដំណាច់ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចំនួន ៧៧៤,២០៣ នាក់បានទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះគឺកើនឡើង២៨,៤៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រៅពីចំណូលពីការលក់សំបុត្រ ឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថាននេះក៏រកប្រាក់បាន២២៨,៦៧៥ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រ ចូលទស្សនាតំបន់ប្រាសាទកោះកែរ ចំនួន១៥,២៤៥ នាក់ និង៦០៨,២១៦ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស(ខេត្តសៀមរាប)។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,៨ លាននាក់ កើនឡើង២២,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បា នឱ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះលោកសង្កេតឃើញចំនួនភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកដើរកម្សាន្ត នៅខេត្តសៀ មរាប បានកើនឡើងបើធៀបនឹងឆ្នាំមុន ប៉ុន្តែអត្រាកំណើនគឺមិនហក់ឡើងខ្ពស់ទេ ទោះបីរដូវកាលភ្ញៀវទេសចរចេញដើរកម្សាន្ត(High Season)បានចាប់ផ្តើមរយៈពេល១ខែមកហើយក៏ដោយ។
ជាទូទៅចាប់ពីដើមខែតុលា ដល់ខែមីនានៃឆ្នាំនីមួយៗត្រូវបានចាត់ទុក ជាអំឡុងពេលភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវតំបន់អ៊ឺរ៉ុប និងអាមេរិក-កាណាដា ធ្វើដំណើរកម្សាន្តច្រើនបំផុត។
លោកបន្ថែមថា “ទោះតួលេខចំនួនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជាមានចំនួនច្រើន ប៉ុន្តែសម្រាប់ភ្ញៀវបរទេសដែលមកដើរលេង ក្នុងខេត្តសៀមរាប ជាក់ស្តែងគឺមិនទាន់ច្រើនទេ បើគិតត្រឹមចុងខែតុលា”៕
