ក្រុមហ៊ុនអន្តរជាតិចំនួន២ប្រកាសទិញយកសណ្ឋាគារ La Résidence នៅខេត្តសៀមរាប និងប្រទេសឡាវ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន KS Hotels និងក្រុមហ៊ុន HMD Asia បានទិញយកសណ្ឋាគារ La Résidence ដ៏ល្បីល្បាញចំនួនពីរ ដែលមានទីតាំងនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងនៅទីក្រុងហ្លួងព្រះបាងក្នុងប្រទេសឡាវ។

កាលពីមុន សណ្ឋាគារទាំងពីរខាងលើនេះត្រូវបានកាប់កាន់ និងគ្រប់គ្រងដោយក្រុមហ៊ុនបដិសណ្ឋារកិច្ច និងការកម្សាន្ត Belmond ។នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រពត៌មាន TTG Asia។

បច្ចុប្បន្ន សណ្ឋាគារ La Résidence D’Angkor ត្រូវបានបិទទ្វារដើម្បីជួសជុល ហើយគ្រោងនឹងបើកដំណើរការឡើងវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន HMD Asia។ សណ្ឋាគារ​នេះ​មាន​ទីតាំង​នៅ​មាត់​ទន្លេ​ក្នុង​ខេត្ត​សៀមរាប ជា​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត។

ក្នុងអំឡុងខែមករាដល់ខែតុលា ឆ្នាំនេះ រមណីយដ្ឋានបុរាណអង្គរបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៧៧៤.២០៣នាក់ កើនឡើង២៨,៤ភាគរយធៀបនឹងចំនួន៦០២.៥៧០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជនបរទេសដែលបានចូលមកទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេរួមមានជនជាតិសហរដ្ឋអាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង និងចិន។នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

ទន្ទឹមនឹងនេះ សណ្ឋាគារ La Résidence Phou Vao នៅក្នុងតំបន់បេតិកភណ្ឌយូណេស្កូនៃទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ នឹងបន្តបំពេញប្រតិបត្តិការជាធម្មតា។ប៉ុន្តែ សណ្ឋាគារនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន HMD Asia។

លោក Anthony Lark នាយកប្រតិបត្តិក្រុមហ៊ុន HMD Asia បានលើកឡើងថា “យើងមានកិត្តិយស និងទំនួលខុសត្រូវយ៉ាងជ្រាលជ្រៅក្នុងការគ្រប់គ្រងសណ្ឋាគារតូចៗដ៏ស្រស់ស្អាតទាំងនេះ ហើយយើងពិតជារំភើបក្នុងការបន្តកេរ្តិ៍ដំណែលនៃសេវាកម្មរបស់ពួកគេ និងបន្តអភិវឌ្ឍន៍បទពិសោធន៍សម្រាប់ភ្ញៀវពិសេសនាពេលអនាគត”៕ប្រភព: TTG Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here