ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាអំពី ស្រទាប់ថ្មក្រោមដី, ចលនាផ្ទាំងថ្មភ្នំ និង ជម្រាលផ្ទាំងថ្មភ្នំនៅលើភ្នំប្រាសាទព្រះវិហារ។
អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវ នៅសាលប្រជុំព្រះវិហារ និងតាមប្រព័ន្ធអនឡាញ (Zoom) ព្រមទាំងរៀបចំទស្សនកិច្ចសិក្សា នៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីបង្ហាញ និងពិភាក្សានៅទីតាំងផ្ទាល់តែម្តង។
សិក្ខាសាលានេះចូលរួមដោយ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ក្រុមអភិរក្សឥណ្ឌា និងក្រុមអ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន៤៥នាក់។
លទ្ធផលសិក្សាស្រាវជ្រាវនេះ គឺជាបច្ច័យដ៏ធំមួយក្នុងការចូលរួមចំណែកដល់កិច្ចការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងការសិក្សាស្រាវជ្រាវបុរាណវិទ្យា នៅលើភ្នំប្រាសាទព្រះវិហារ៕