ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះពុម្ពសៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ាសំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” ចំនួន១ម៉ឺនច្បាប់ ដែលនិយាយពីជីវិតផ្ទាល់ខ្លួនរបស់លោក ក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិករ ប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ។
អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន បានបង្ហើបឲ្យដឹងថា សៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” លោកសម្រេចបោះពុម្ពផ្សាយប្រមាណ១ម៉ឺនច្បាប់ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មាន ក្នុងវិស័យអចលនទ្រព្យជូនដល់ពលរដ្ឋ ដែលមានបំណងចង់បានពុទ្ធិបន្ថែមទុកជាទុនជីវិត។
-->
អ្នកឧកញ៉ាបន្តថា “វិស័យអចលនទ្រព្យនេះហើយបានកែប្រែជោគវាសនារបស់លោក ឲ្យស្គាល់ពន្លឺច្បាស់នៃជីវិត”។អ្ន
ឧកញ៉ាបន្ថែមថា “ដូច្នេះទើបលោកសម្រេចចិត្ត សរសេរចងក្រងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនាក់ទំនង ពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដែលជាវិស័យធ្វើឲ្យមានអ្វីៗដូចសព្វថ្ងៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សាឈ្វេងយល់ ដើរលើវិថីអចលនទ្រព្យ ឲ្យបានជោគជ័យគ្រប់គ្នា”។
អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងបន្តថា នៅក្នុងសៀវភៅនេះ ខ្ញុំបានរកឃើញតម្លៃពិត នៃជីវិតដ៏ឧដុង្គឧត្តមរបស់មនុស្សគ្រប់គ្នា”។ អ្នកឧកញ៉ាបន្ថែមថា “មែនទែនទៅសំណេរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា បើចង់មានតម្លៃ ត្រូវខំប្រឹងកែច្នៃខ្លួនឯងឲ្យមានតម្លៃ គ្មាននរណាអាចជួយឲ្យយើង មានតម្លៃក្រៅពីខ្លួនយើងឡើយ”។
ម្ចាស់ស្នាដៃសៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” បានសង្កត់ធ្ងន់ថា សៀវភៅដ៏មានតម្លៃនេះ ក៏បានផ្តោតទៅលើពាណិជ្ជករជោគជ័យ រមែងជាមនុស្សមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ចេះឆក់ឱកាស និងមានផ្នត់គំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន។
អ្នកឧកញ៉ាបានបញ្ជាក់ថា “អ្នកជំនួញជោគជ័យ និងយូរអង្វែង ត្រូវតែប្រកាន់ភ្ជាប់លើភាពត្រឹមត្រូវ និងស្របច្បាប់ជាប់ជានិច្ច ពោលគឺមិនមែនលេងផ្លូវកាត់ណាមួយនោះទេ”។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានបញ្ចប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕
IMG_0625

