កម្ពុជា​វ៉ា​ដាច់ក្នុងការទាក់ទាញចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេសបានច្រើនជាងប្រទេសហ្វីលីពីន​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន៤,៨លាននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កើនឡើង២២%ធៀបនឹងឆ្នាំមុន ខណៈប្រទេសហ្វីលីពីនបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិត្រឹមតែ៤,០៨លាននាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានជនជាតិថៃមកកំសាន្តនៅកម្ពុជាចាប់ពីខែមករាដល់ខែកញ្ញាចំនួន១,៥២លាននាក់ តាមពីក្រោយជនជាតិវៀតណាមចំនួន៩៧៣.០០០នាក់ និងជនជាតិចិនចំនួន៦០៧.០០០នាក់។

មុន​ពេលផ្ទុះការ​រាតត្បាត​នៃ​វិបត្តិជំងឺ​ឆ្លងកូវីដ-១៩ ប្រទេសហ្វីលីពីន​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍បរទេសចំនួន៨,២លាន​នាក់ ខណៈពេលនោះ​កម្ពុជាទទួលបានអ្នកដំណើរអន្តរជាតិត្រឹមតែ៦,៦លាន​នាក់។

ទោះជាយ៉ាងណាក្តី ឧស្សាហកម្មទេសចរណ៍នៅប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ន កំពុងជួបប្រទះការលំបាកក្នុងការសម្រេចបាននូវគោលដៅនៃការទាក់ទាញអ្នកដំណើរអន្តរជាតិចំនួន៧,៧លាននាក់នៅដំណាច់ឆ្នាំ២០២៤នេះ។

លោកស្រី Christina Garcia-Frasco រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ហ្វីលីពីនបានអះអាងថា “គោលដៅនេះនៅតែជាគោលដៅដែលអាចប្រែប្រួលបាន ដោយសារតែការដាក់ចេញគោលនយោបាយតឹងរ៉ឹងចំពោះភ្ញៀវទេសចរណ៍ចិន ហើយភាពបត់បែននៃទិដ្ឋាការរបស់យើងនៅមានកម្រិតនៅឡើយ”។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសហ្វីលីពីន បានកាត់បន្ថយចំនួនជើងហោះហើរត្រង់ទៅកាន់ប្រទេសចិន ដោយសារតែតម្រូវការពីភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។

មុនពេលផ្ទុះជំងឺរាតត្បាត ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍បរទេសធំជាងគេទី២ទៅកាន់ប្រទេសហ្វីលីពីន ដែលមានជនជាតិចិនជាង១,៧លាននាក់បានចូលទៅកំសាន្តនៅហ្វីលីពីនក្នុងឆ្នាំ២០១៩។

ទោះបីជាយ៉ាងណាក្តី ការមកដល់របស់ភ្ញៀវទេសចរណ៍ចិនមានចំនួនប្រមាណ២០%ប៉ុណ្ណោះនៃកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានជនជាតិចិនត្រឹមតែ២៦៣.០០០នាក់បានមកលេងកំសាន្តនៅហ្វីលីពីនក្នុង២០២៣៕ប្រភព:Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here