កាសែតអន្តរជាតិមួយចាត់ទុកខេត្តកំពតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ថ្ងៃចុងសប្តាហ៍

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែតរបស់ប្រទេសវៀតណាម Vnexpress បានចុះផ្សាយអត្ថបទមួយដោយចាត់ទុកខេត្តកំពតរបស់កម្ពុជាជាទីតាំងធ្វើដំណើរកម្សាន្តនាពេលចុងសប្តាហ៍ដ៏ល្អមួយ រួមជាមួយនឹងសំណង់ស្ថាបត្យកម្មបែបបារាំង ទីតាំងសំខាន់ៗ និងវប្បធម៌ខ្មែរ។

កំពតជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល៦០គីឡូម៉ែត្រពីច្រកព្រំដែន Xa Xia ក្នុងខេត្ត Kien Giang ប្រទេសវៀតណាម។

ក្រៅពីសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ខេត្តកំពតក៏ជា “តំបន់ដាំដំណាំទុរេន”ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា ដោយមានរូបសំណាកទុរេនដាក់នៅចំរង្វង់កណ្តាលទីរួមខេត្ត។

ខេត្តកំពតមានអគារចាស់ៗដែលនៅសេសសល់តាំងពីសម័យអាណានិគមបារាំង។ នៅសតវត្សទី១៩ ក្រុមអាណានិគមបារាំងបានជ្រើសរើសខេត្តមួយនេះជាមជ្ឈមណ្ឌលរដ្ឋបាលនៅតាមព្រំដែន។

រង្វង់មូលទុរេន រូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាយក្ស និងស្ពានឥន្ទនូ (Entanou)ជាសំណង់និមិត្តសញ្ញាប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅជិតគ្នា និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការទស្សនា។

នាឡិកា​យក្ស​នេះ​ត្រូវ​បាន​រចនា​ឡើង ដោយយកលំនាំតាម​រចនាបថ​បុរាណ​ដែល​មាន​រចនា​សម្ព័ន្ធ​រាង​ស៊ីឡាំង​ និង​ទ្រនិចនាឡិកាជាលេខ​ខ្មែរ​។នាឡិកានេះមានកំពស់៣៥ម៉ែត្រដែលមានអង្កត់ផ្ចិតមុខចំនួន៩,៧ម៉ែត្រ។

កាលពីខែមេសាកន្លងទៅ រដ្ឋបាលខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់៨ម៉ែត្រ និងបែរមុខទៅកាន់ព្រែកកំពង់កណ្តាល។

នៅក្នុងវប្បធម៌ខ្មែរ សេះសមុទ្រតំណាងឱ្យភាពរុងរឿង សំណាង និងភាពជោគជ័យ។ រូបសំណាកនេះត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តកំពត។

លើសពីនេះ អគារ​ស្ថាបត្យកម្មបែប​បារាំង​បានបន្ថែម​នូវភាព​ស្ងប់ស្ងាត់​នៃ​ជីវិត​។ សព្វ​ថ្ងៃ អគារ​ទាំង​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ឡើងវិញសម្រាប់ធ្វើជា​ការិយាល័យ​រដ្ឋបាល ភោជនីយដ្ឋាន និង​ហាង​កាហ្វេ។

រ៉ឺម៉ក ជាមធ្យោបាយធ្វើដំណើរទូទៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍។ អ្នកដំណើរអន្តរជាតិអាចប្រើប្រាស់កម្មវិធីជិះឡានក្រុងដែលមានតម្លៃសមរម្យ Pass ដោយពុំចាំបាច់តថ្លៃ។ដើម្បីប្រើកម្មវិធីនេះ អ្នកទស្សនាគ្រាន់តែត្រូវការប្រព័ន្ធលេខទូរស័ព្ទកម្ពុជា ដូចជាប្រព័ន្ធ Smart Axiata ប្រព័ន្ធ Cellcard និងប្រព័ន្ធ Metfone។

ខេត្តកំពត​មាន​អាកាសធាតុ​ក្តៅ។ ដូច្នេះ​ភ្ញៀវទេសចរ​ណ៍គួរ​យក​មកជាមួយនូវឡេ​ការពារ​កម្តៅ​ថ្ងៃ មួក និង​ឆ័ត្រ។ ចាប់ពីខែធ្នូដល់ខែឧសភាជាពេលវេលាដ៏ល្អបំផុតក្នុងការមកកំសាន្តនៅខេត្តកំពត ក្នុងអំឡុងរដូវប្រាំង ដែលបង្កភាពងាយស្រួលដល់ការរៀបចំផែនការ និងភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក។

ភ្ញៀវ​ទេសចរណ៍ក៏អាច​ចុះសាកភ្លក្សម្ហូកប​អាហារ​របស់ខ្មែរជាច្រើន​មុខ ដែលដាក់លក់នៅតាម​ដង​ផ្លូវ​​ ដោយ​មានតម្លៃ​ចាប់​ពី២ដុល្លារប៉ុណ្ណោះ។

អ្នកដំណើរអាចកក់ឡានក្រុងពីទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញ ដោយសំបុត្រមានតម្លៃចាប់ពី៥០០.០០០ដុង ដល់៩០០.០០០ដុង (ប្រហែល១៩ដុល្លារទៅ៣៥ដុល្លារ) ហើយលិខិតឆ្លងដែនត្រូវមានសុពលភាពយ៉ាងតិច៦ខែ។

អ្នកដំណើរអាចបន្តដំណើរតាមរយៈការជិះឡានក្រុងពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពតក្នុងតម្លៃប្រហែល៣០០.០០០ដុង (ប្រហែល១១ដុល្លារ)៕ប្រភព: Vnexpress៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here