អ្នកសិក្សាប្រវត្តិសាស្រ្តៈ “កោះគុត” នៅតែជាផ្នែកមួយនៃដែនអធិបតេយ្យខ្មែរ

0

ដោយៈ សហសេវិក

       ភ្នំពេញៈ ក្នុងនាមអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិតឥន សុផល បានលើកករ​ណី​សិក្សាចំនួន៩ចំណុចសំខាន់ៗ ដែលបង្ហាញថា“កោះគុត”​ នៅតែជាផ្នែកមួយ នៃដែនអធិបតេយ្យភាពរបស់ខ្មែរ ពោលគឺរាប់ពីចំណុចខ្ពស់បំផុតនៃកោះគុត នោះគឺជាចំណែក នៃដែនអធិបតេយ្យរបស់ខ្មែរ។

នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ឥន សុផល មកកាន់បណ្ដាញព័ត៌មានក្នុងស្រុកធំមួយ ។

អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិតឥន សុផល បានលើកយកករណីសិក្សាចំនួន២ មកបង្ហាញនៅពេលនេះគឺ ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧ និងទី២ ការដោះដូរដី យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧។

ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧

ចំណុចទី១៖ បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល។ ដូច្នេះសូមគ្រប់ភាគី កុំលាបពណ៌កេងចំណេញលើបញ្ហានយោបាយ!។

ចំណុចទី២៖ យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ប្រការ១ “…ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរ នៅលើឆ្នេរសមុទ្រដីគោក ដែលនៅទល់មុខកោះគុត …”។

ចំណុចទី៣៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀម ផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពាន មកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះគុត។

ចំណុចទី៤៖ តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំង ដកចេញពីកម្ពុជា សៀម បានបញ្ជូនកងទ័ព ចូលកាន់កាប់កោះគុតទាំងមូល និងប្រាសាទព្រះវិហារ។នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ។ ដូច្នេះសៀមបន្តកាន់កាប់រហូតមក គឺពុំដែលមានកងទ័ព ឬប្រជាជនកម្ពុជាទៅរស់នៅលើកោះនោះទេ។

ចំណុចទី៥ នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជាទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះ ត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។

ចំណុចទី៦៖ នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង- សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋានរវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ។

យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន៣ដងគឺ៖
– Kret No.622 of 30 December 1957
– Kret No. 77 -70-CE of 6 February 1970
– Kret No.518172-PRK of 12 August 1972។

ចំណុចទី៧៖ ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីលរហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាពនៅលើកោះគុតនោះទេ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគី លើកទី១ គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣ គូសចូលបន្ថែមទៀត និងលើកទី៤ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅ នៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។

លោកបញ្ជាក់ថា “ការគូសយកដែនទឹកខ្មែរ ជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា”។

ចំណុចទី៨៖ រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំទាន់បានធ្វើការចរចាព្រំដែនទឹក ជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ។ ដូច្នេះកុំឆ្លៀតឱកាសទាញ យកផលប្រយោជន៍យោបាយ តាមរយៈការបំភ្លៃញុះញង់ផ្សេងៗ។

លោកបញ្ជាក់ថា “យើងត្រូវការពេលវេលា សន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃបានកាន់កាប់លើកោះនេះច្រើនទសវត្សរ៍មកហើយ គឺពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណាក៏ត្រូវតែទាមទារដែរ”។

ចំណុចទី៩៖ មានប្រទេសមួយចំនួន តែងតែរិះគន់មកលើការអភិវឌ្ឍមូលដ្ឋាន កងទ័ពជើងទឹកកំពង់ផែសមុទ្ររាម ពុំមែនខ្លាចកងទ័ពចិនអ្វីនោះទេ គឺគេខ្លាចកងទ័ពជើងទឹកកម្ពុជាខ្លាំង ការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួន នៅលើដែនសមុទ្រមកវិញតែប៉ុណ្ណោះ។

ទី២.ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧

យោងតាមផែនទី(៣) ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំ​ង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖

– សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុច Ⓐ-Ⓑ គឺចំណុចⒶ សៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុច Ⓑ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។

– សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង- សៀមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាត ចំណុចⒹ, ខេត្តកោះកុងចំណុច Ⓒ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុច Ⓔ និងចំណុច Ⓕ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។

 – សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុច Ⓖ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុច Ⓓ ខេត្តត្រាត និងចំណុច Ⓔ ខេត្តដឺនសៃ ។

ចំណាំៈ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នា លើការបកស្រាយយកចំណេញរៀងៗខ្លួន។

ផែនទី(១). ផែនទីឧបសម្ព័ន្ធបារាំង-សៀមឆ្នាំ១៩០៧
នទី(២). ខ្សែបន្ទាត់ព្រំដែនភាគីថៃគូសជាឯកតោភាគី

ផែនទី(៣).ការដោះដូរដីតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here