ដោយ វុត្ថា
សៀមរាប៖ ក្រុងសៀមរាបនឹងមានខ្សែរត់រថយន្តក្រុងសាធារណៈនាពេលខាងមុខ ដោយខណៈនេះ អាជ្ញាធរខេត្តសៀមរាបកំពុងរៀបចំខ្សែរត់រថយន្តក្រុងដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍ និងកាត់បន្ថយកកស្ទះចរាចរណ៍នៅក្នុងក្រុងសៀមរាប។
លោក ម៉ឹង ឈុនហេង ប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុងសៀមរាបបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការសិក្សានិងអង្កេតមើលលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្នុងទីក្រុងសៀមរាបកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កាលពីម្សិលនេះថា ដោយមើលឃើញការរីកចម្រើនខ្លាំងរបស់ខេត្ដសៀមរាប ពិសេសកំណើននៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងការកើនឡើងនៃបរិមាណយានយន្តធ្វើចរាចរណ៍ក្នុងក្រុង ខេត្ដសៀមរាបគឺជាអថិរភាពទីមួយក្នុងការអភិវឌ្ឍគម្រោងដឹកជញ្ជូនសាធារណៈក្នុងក្រុងនេះឡើង។
-->
លោកបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសនេះ នឹងទទួលបានហិរញ្ញប្បទានក្នុងទម្រង់ជាឥណទានឥតសំណងពី មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាអ្នកគ្រប់គ្រងចាត់ចែង ។ បច្ចុប្បន្ននេះ ស្ថានភាពចរាចរណ៍តាមបណ្តាញផ្លូវជាតិ មានភាពមមាញឹក និងកកស្ទៈជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីការកើនឡើងនៃបរិមាណយានយន្ត និងពុំមានមធ្យោបាយដឹកជញ្ជូនសាធារណៈសមស្រប។
ការដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង (Intercity Bus) ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ រួមមាន៖ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ មានសុវត្ថិភាព និងផាសុកភាព សន្សំសំចៃពេលវេលា និងថវិកា កាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាត់បន្ថយភាពកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ កាត់បន្ថយឧស្ម័នបំពុលបរិស្ថាន កាត់បន្ថយផលប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កើនភាពស៊ីវីល័យក្នុងការទាក់ទាញភ្ញៀវទេសចរណ៍…៕