រឿងសំខាន់ៗចំនួន៥ទាក់ទងនឹងធនធានរ៉ែត្រូវបានលើកឡើងដោយប្រមុខរដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យធនធានរ៉ែបាននិងកំពុងក្លាយជាប្រភពនៃចំណូលថវិកាជាតិធំមួយផងដែរ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ក្នុងការកសាងប្រទេស។

១ អនុម័តប្រភពថាមពលថ្មីចំនួន២៣គំរោង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលទើបអនុម័ត គម្រោងអភិវឌ្ឍន៍ប្រភពថាមពលថ្មីចំនួន២៣គម្រោង មានអានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់ ដែលភាគច្រើនជាថាមពលស្អាត។

គម្រោងអភិវឌ្ឍប្រភពថាមពលថ្មីទាំង ២៣គម្រោងនេះ មានតម្លៃ៥,៧៩០លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម ខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។

សម្តេចបវរធិបតីបានថ្លែងឱ្យដឹងផងដែរថា កម្ពុជាបានដាក់ចេញគោលដៅឆ្នាំ២០៣០ ត្រូវផលិតថាមពលស្អាតឱ្យបាន៧០ភាគរយ ខណៈបច្ចុប្បន្ននេះ កម្ពុជាប្រភពថាមពលស្អាត ៦២ភាគរយទៅហើយ។

សម្តេចបវរធិបតីបញ្ជាក់ថា “គម្រោងវិនិយោគថាមពលអគ្គិសនី គឺរាជរដ្ឋាភិបាលបានចរចា ជាមួយភាគីវិនិយោគ ក្នុងតម្លៃមួយទាប ដើម្បីអាចយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃអាចទទួលយកបាន”។

២ បញ្ឈប់ផ្តល់អាជ្ញាប័ណ្ណស្រាបៀរសម្រាប់លក់ក្នុងស្រុក

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្ដេចសម្រេចបញ្ឈប់ ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ហើយ កំពុងផលិតស្រាបៀរ ដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា “ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរខ្ញុំឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឲ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយក្រែងមានអ្នកចង់ធ្វើ”

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការឆ្លើយបដិសេធ របស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរប​ស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះ មិនតម្រូវឲ្យមានបន្ថែមទៀតឡើយ។

៣ រកចំណួលបានជិត៩០លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានឲ្យដឹងផងដែរថា វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូ​លចំណូលចូលថវិកាជាតិ ក្នុងនោះចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ព្រមទាំងបានផ្តល់ការងារផ្ទាល់ ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋ”។

៤ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណរុករករ៉ែថ្មីនៅព្រៃឡង់

        សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រ៤ សួងរ៉ែ និង ថាមពល ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ។

បន្ថែមលើនេះ សម្តេចបានបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “ក្រសួងរ៉ែ និង ថាម​ពល ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណ ធនធានរ៉ែ និងបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

សម្តេចបានបន្តថា “ដាក់មកខ្ញុំក៏ខ្ញុំអត់ស៊ីញ៉េដែរ។ តំបន់ព្រៃឡង់ អត់ឲ្យចេញអាជ្ញបណ្ណរុករករ៉ៃទៀតទេ

៥ លុបចោលអាជ្ញាប័ណ្ណថ្មកំបោរ

ជាមួយគ្នានេះ សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្ម ធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធា​នរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោក ត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សម្ដេចបន្ថែមថា “អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here