ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ ព្រោះប្រទេសកម្ពុជាមានថ្ងៃឈប់សំរាកច្រើនជាងគេ ខណៈប្រទេសក្នុងតំបន់មានថ្ងៃឈប់សំរាកតិចជាងយើង និងមានប្រាក់ខែទាបជាងយើង។
សម្តេចតេជោហ៊ុន សែនបាននិងកំពុងមានប្រសាសន៍ ក្នុងវេទិកាសាធារណៈ និងឯកជនបានមានប្រសាសន៍នាព្រឹកថ្ងៃទី២៩ មិនានេះថា ប្រទេសឡាវ វៀតណាម ភូមា និងបង់ក្លាដេសមានថ្ងៃឈប់សំរាកតិចជាងយើង និងមានប្រាក់ខែតិចជាងកម្ពុជា ហេតុនេះសូមមានការយោគយល់ពីបងប្អូនជនរួមជាតិ ពិសេសកម្មករ និយោជិត។
-->
សម្តេចបានបន្តថា “ប្រទេសយើងក្រីក្រ តែមានថ្ងៃឈប់សំរាកច្រើនជាងគេ ហេតុនេះយើងកាត់បន្ថយថ្ងៃឈប់សំរាក១សប្តាហ៍ កម្ពុជាអាចទទួលបានកំនើនសេដ្ឋកិច្ចរហូតដល់០,៥ភាគរយ”។សម្តេចបានបន្តថា “ថ្ងៃឈប់សំរាកដូចជាថ្ងៃសិទ្ឋនារី ជាថ្ងៃឈប់សំរាកតែយើងកុំសំរាក ហើយបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលមានរយៈពេលបីថ្ងៃ និងកាត់បន្ថយមកនៅត្រឹម១ថ្ងៃ”។
សម្តេចបានបន្តទៀតថា អ្នកវិនិយោគមានការលំបាក ដោយសារថ្ងៃឈប់សំរាកនៅកម្ពុជាមានច្រើន ដែលពេលខ្លះគាត់ត្រូវបិទមួយថ្ងៃ ស្អែកឡើងបើកវិញ ដែលវាជាការលំបាក។សម្តេចបន្តថា ប៉ុន្តែសំរាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកអកអំបុក និងសំពះព្រះខែត្រូវឈប់សំរាករយៈពេល៣ថ្ងៃដដែល។ ការឈប់សំរាកនេះ នឹងចាប់ផ្តើមពីឆ្នាំ២០២០ខាងមុខនេះ។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បញ្ហាកាត់បន្ថយថ្ងៃឈប់សំរាក មានការលើកឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកបញ្ហានេះទៅសម្តេចតេជោ ដើម្បីលោកពិចារណាលើរឿងនេះ។
លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋគួរមានការយោគយល់ ព្រោះវាជាឆ្នាំងបាយរួម។ ប្រទេសយើងក្រ មិនគួរឈប់សំរាកច្រើនពេកទេ”៕