ដោយៈ គង់ សូរិយា
មណ្ឌលគិរីៈ គម្រោងអេកូទេសចរណ៍ ចាហ៊ូ ដឹកនាំដោយសហគមន៍ជនជាតិដើមភាគតិចពូនង ក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសឱ្យចូលរួម ប្រកួតប្រជែងដណ្ដើមពានរង្វាន់និរន្តរភាពរបស់ EXO Foundation ឆ្នាំ ២០២៤ ក្នុងប្រភេទ “ភពផែនដី – សហគ្រាសសង្គម និងអង្គការក្រៅរដ្ឋាភិបាល”។
ការទទួលស្គាល់នេះ ផ្តល់កិត្តិយសដល់គំនិតផ្តួចផ្តើមដែលបង្ហាញពីយុទ្ធសាស្ត្រច្នៃប្រឌិត ក្នុងការចូលរួមសហគមន៍ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តទេសចរ ប្រកបដោយសីលធម៌។
-->
លោកChris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍សម្រាប់សមាគមអភិរក្សសត្វព្រៃ លើកឡើងពីសារៈសំខាន់ចំពោះការជ្រើសរើសនេះ។
លោក Iverson បានមានប្រសាសន៍ថា “គំរូនៃទេសចរណ៍ដែលជំរុញដោយសហគមន៍របស់ ចាហ៊ូ បង្ហាញថា សហគមន៍ក្នុងស្រុក និងជនជាតិដើមភាគតិច អាចការពារបរិស្ថានរបស់ពួកគេ ខណៈពេលដែលធានាបាន នូវជីវភាពរស់នៅកាន់តែធន់ អាស្រ័យលើការបន្តអភិរក្សសត្វព្រៃ និងព្រៃឈើដែលជិតផុតពូជ”។
ចាហ៊ូ គឺជាគម្រោងបំផុសគំនិតមួយ ក្នុងចំណោមគម្រោងលើកទឹកចិត្តចំនួន៥០ ដែលត្រូវបានវាយតម្លៃដោយគណកម្មការជំនាញ ដែលត្រូវបានជ្រើសរើស ក្នុងការប្រកួតប្រជែងដោយផ្អែកលើសមត្ថភាព អភិរក្សសត្វព្រៃ ប្រកបដោយការទទួលខុសត្រូវ និងបទពិសោធន៍វប្បធម៌ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
គំនិតផ្តួចផ្តើមនេះ ផ្តល់ផលវិជ្ជមានជាអតិបរមា នៅក្នុងសហគមន៍មូលដ្ឋាន ការថែរក្សាធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ។
គម្រោងទេសចរណ៍ធម្មជាតិ ដែលគ្រប់គ្រងដោយសហគមន៍នេះ បានផ្តល់សិទ្ធិអំណាច ដល់សហគមន៍ជនជាតិដើមភាគតិចពូនង នៃអណ្តូងក្រឡឹង ដើម្បីធ្វើជាដៃគូស្មើគ្នាក្នុងការគ្រប់គ្រងចាហ៊ូ។
ចាប់តាំងពីឆ្នាំ២ឥ១៣ ជំនឿប្រពៃណី និងទំនៀមទម្លាប់ត្រូវបានគោរព ខណៈដែលអ្នកស្រុកចំនួន២៤នាក់ ត្រូវបានបណ្តុះបណ្តាល និងជួលក្នុងតួនាទីបដិសណ្ឋារកិច្ច ការណែនាំ និងការស្រាវជ្រាវ។
សកម្មភាពប្រកបដោយនិរន្តរភាព
ការប្តេជ្ញាចិត្តលើគម្រោងអេកូទេសចរណ៍ “ចាហ៊ូ” ចំពោះនិរន្តរភាព ត្រូវបានបញ្ចូលក្នុងមូលនិធិ សត្វទោចរបស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៧។
លោក Iverson បានមានប្រសាសន៍ថា ទឹកប្រាក់ជាង៥ម៉ឺនដុល្លារ ត្រូវបានបង្កើតតាមរយៈមូលនិធិ សត្វទោច ដែល៣០ ដុល្លារពីអ្នកទស្សនាម្នាក់ៗ គាំទ្រដោយផ្ទាល់ដល់សកម្មភាពអភិរក្ស ដែលដឹកនាំដោយសហគមន៍ ពិធីវប្បធម៌ជនជាតិដើមភាគតិចពូនង និងកម្មវិធីជំនួយមនុស្សចាស់។
លោកបញ្ជាក់ថា “មូលនិធិនេះធានាថា ទេសចរណ៍ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍”។
គម្រោងអេកូទេសចរណ៍ ចាហ៊ូ ការពារជម្រកសត្វត្រយ៉ងសំខាន់ៗចំនួន៧០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ ដូចជា សត្វទោចថ្ពាល់លឿងជាដើម។
លោក Iverson បានបញ្ជាក់ថា “នេះមិនមែនគ្រាន់តែអំពីគម្រោងអេកូទេសចរណ៍”ចាហ៊ូ” ប៉ុណ្ណោះទេ វាជាការបង្ហាញពិភពលោក នូវអ្វីដែលអាចធ្វើទៅបាន ពេលសហគមន៍រួមគ្នាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ពួកគេ។
លោកបញ្ជាក់ទៀតថា “កិច្ចសហការគឺជាគន្លឹះ ក្នុងការធ្វើឱ្យទេសចរណ៍ ប្រកបដោយនិរន្តរភាព ជាកម្លាំងដ៏មានអត្ថន័យសម្រាប់ការអភិរក្ស”។
គាំទ្រចក្ខុវិស័យរបស់សហគមន៍ “ពូនង” សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដោយបោះឆ្នោតឱ្យចាហ៊ូ។ រាល់ការបោះឆ្នោតតំណាង ឱ្យជំហានឆ្ពោះទៅកាន់ការអភិរក្ស ទាំងបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន។
ចុចលើតំណភ្ជាប់៖ https://forms.gle/6M5HJ14bnw4VoM9G8 ហើយជ្រើសរើស «Jahoo» បន្ទាប់មក «summit»។ បោះឆ្នោតឥឡូវនេះ! ថ្ងៃផុតកំណត់គឺថ្ងៃទី ២៥ ខែវិច្ឆិកា៕

