ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកAhmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) បានថ្លែងថា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុតនៅក្នុងពិភពលោក។
លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត្តឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយលោកបណ្ឌិតAhmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន(GCTP)។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូIPTPទាំងអស់។
លោកបានបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេស ដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកក៏បានរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាព នៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជន ប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួម ក្នុងសម័យប្រជុំពេញអង្គ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក។
សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់អំពីតម្លៃ នៃសន្ដិភាព ដោយបានបញ្ជាក់ថា “សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាព នឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី”។
ក្នុងន័យនេះ ការថែរក្សាសុខសន្ដិភាព គឺជាកត្តាចាំបាច់ ហើយសន្តិភាព នឹងជួយដល់ការធ្វើសមាហរណកម្ម និងការតភ្ជាប់ពិភពលោក រួមទាំងការជំរុញឱ្យមានការតភ្ជាប់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕