តើស្ថាបនិកក្រុមហ៊ុនយក្សTelegram លោក Pavel Durov កំពុងមានស្ថានភាពបែបណា ក្រោយលោកត្រូវបានចាប់ខ្លួនប្រទេសនៅបារាំង?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោក Pavel Durov ម្ចាស់ក្រុមហ៊ុនយក្សTelegram ត្រូវបានប៉ូលីសបារាំងចាប់ឃាត់ខ្លួន នៅអាកាសយានដ្ឋាន Le Bourget ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស ក្រោយពីលោកបានធ្វើដំណើរតាមយន្ដហោះឯកជន ចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ សំដៅឆ្ពោះមកកាន់ទីក្រុងប៉ារីស។

តើលោក Pavel Durov ត្រូវបានចាប់ឃាត់ខ្លួនពីបទចោទប្រកាន់អ្វី?

ស្ថាបនិកកម្មវិធីផ្ញើសារ Telegram រូបនេះ ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌ នៃការស៊ើបអង្កេត លើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គ​មដ៏មានប្រជាប្រិយភាពមួយនេះ។

យោងតាមក្រុមរដ្ឋអាជ្ញាបារាំងបានឱ្យដឹងថា ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយ នៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។

ការស៊ើបអង្កេតនេះ ផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។

តើលោក Pavel Durov ត្រូវបានដោះលែងវិញនៅពេលណា?

កាលពីថ្ងៃទី២៨ ខែសីហា បារាំងបានសម្រេចដាក់ឱ្យស្ថា​បនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Telegram រូបនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្តលើកម្មវិធីផ្ញើសារមួយនេះ។

ប៉ុន្តែបារាំងបានអនុញ្ញាត ឱ្យមហាសេដ្ឋីមានដើមកំណើត   រុស្ស៉ីរូបនេះ អាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ចំនួន៥លានអឺរ៉ូ។ យ៉ាងណាមិញ លោកមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសបារាំងទេ និងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសបារាំងចំនួនពីរដងក្នុងមួយសប្តាហ៍។

តើបណ្តាប្រទេសផ្សេងៗមានប្រតិកម្មដូចម្តេចខ្លះចំពោះករណីនេះ?

ក្រៅ​ពី​មានសញ្ជាតិរុស្ស៊ី និង​បារាំង លោក Durov ក៏​ជា​ពលរដ្ឋ ​នៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម និង​ជា​ពលរដ្ឋរបស់ប្រទេស​ដែនកោះ​ការាបៀនចំនួន២ រួមមាន ប្រទេស Saint Kitts និងប្រទេស Nevis។

ជុំវិញរឿងនេះ ក្រសួងការបរទេស របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានអះអាងថា ខ្លួនបានតាមដានករណីនេះ យ៉ាងយកចិត្ដទុកដាក់ ហើយបានស្នើសុំឱ្យប្រទេសបារាំង ផ្តល់សេវាកម្មកុងស៊ុលចាំបាច់ទាំងអស់ដល់លោក Durov។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា លោកសង្ឃឹមថា លោក Durov មានឱកាសទទួលបានការការពារផ្លូវច្បាប់ ហើយបានបន្ថែមថា ទីក្រុងម៉ូស្គូ បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ ដល់នាយកប្រតិបត្តិក្រុមហ៊ុន Telegram ជាពលរដ្ឋរុស្ស៊ីរូបនេះ។

លោក Peskov បានបន្ថែមថា “ប៉ុន្តែស្ថានភាពនេះ មានភាពស្មុគស្មាញ ដោយសារថា លោកPavel Durov ក៏ជាពលរដ្ឋនៃប្រទេសបារាំងផងដែរ”៕ប្រភព: Al Jazeera & BBC ៕

LEAVE A REPLY

Please enter your comment!
Please enter your name here