ទស្សនាវដ្ដីដ៏ល្បីមួយរបស់អាមេរិកដាក់បញ្ចូលប្រាសាទកោះកេររបស់កម្ពុជាក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រាសាទកោះកេរក្នុងប្រទេសកម្ពុជា បានក្លាយជាអ្នកតំណាងតែមួយគត់របស់តំបន់អាស៊ាន ដោយបានជាប់ឈ្មោះនៅក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី Fodor’s Travel ។

ទស្សនាវដ្ដីទេសចរណ៍អាមេរិកដ៏ល្បីល្បាញនេះបានសរសេរថា “តើលោកអ្នកចង់ជៀសពីភ្ញៀវទេសចរណ៍ដែលកាន់ដង selfie សម្រុកចូលប្រាសាទអង្គរវត្តមែនទេ?។ សូមពិចារណាលើប្រាសាទកោះកេរ ដែលជាតំបន់បុរាណវត្ថុដ៏ធំទូលាយ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ចំពោះទិដ្ឋភាពនៃអាណាចក្រខ្មែរ”។

ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីភាគឦសាននៃខេត្តសៀមរាប កោះកេរធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរនៅក្នុងសតវត្សទី១០។

ទីតាំងរមណីយដ្ឋាននេះមានប្រាសាទចំនួន៨០ ដែលប្រាសាទជាច្រើនលាក់ខ្លួននៅក្នុងព្រៃក្រាស់។ ក្នុងចំណោមនោះ ប្រាសាទធំកម្ពស់៧ថ្នាក់ ដែលមានរូបរាងដូចជាពីរ៉ាមីតជាទីតាំងដ៏លេចធ្លោបំផុត។

ប្រាសាទកោះកេរ ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុង​ឆ្នាំ​២០២៣។

ទ្វីបអាស៊ីទាំងមូលត្រូវបានតំណាងដោយគោលដៅចំនួន៣ ដែលបានជាប់ឈ្មោះក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី Fodor’s Travel រួមមាន ប្រាសាទកោះកេរក្នុងប្រទេសកម្ពុជា រដ្ឋ Meghalaya នៅប្រទេសឥណ្ឌា និងទីក្រុង Nikko City ក្នុងប្រទេសជប៉ុន។

ដោយឡែក ទ្វីបអឺរ៉ុបមានគោលដៅចំនួន៥ ដែលជាប់ឈ្មោះក្នុងបញ្ជី រួមមានដូចជា ទីក្រុង Camargue នៅប្រទេសបារាំង ទីក្រុង Helsinki ក្នុងប្រទេសហ្វាំងឡង់ ទីក្រុង Meteora នៅប្រទេសក្រិច តំបន់ Masurian Lake ក្នុងប្រទេសប៉ូឡូញ និងឆ្នេរសមុទ្រ Vestmannaeyjar នៅប្រទេសអុីស្លង់។

ចំណែក សហរដ្ឋអាមេរិកក៏មានគោលដៅតំណាងចំនួន៥ ផងដែរ រួមមាន ឧទ្យានជាតិ Badlands នៅទីក្រុង South Dakota ទីក្រុង Houston ក្នុងរដ្ឋ Texas ទីក្រុង Las Vegas ក្នុងរដ្ឋ Nevada ទីក្រុង Los Olivos ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងឆ្នេរ Michigan៕ប្រភព: Vnexpress៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here