ដំណឹងល្អ: ក្រុមហ៊ុនអាកាសចរណ៍យក្ស Etihad Airways របស់អារ៉ាប់រួមគ្រោងបើកជើងហោះហើរមកកាន់រាជធានីភ្នំពេញនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Etihad Airways របស់ប្រទេសអារ៉ាប់រួម (UAE) នៅសប្តាហ៍នេះ បានប្រកាសពីផែនការបើកជើងហោះហើរថ្មីចំនួន១០ ចាប់ពីឆ្នាំ២០២៥ ដែលក្នុងនោះរួមមានទាំងផ្លូវហោះហើរថ្មីរវាងទីក្រុង Abu Dhabi និងរាជធានីភ្នំពេញ។

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរថ្មីមកកាន់កម្ពុជានឹងចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ជើងហោះហើររវាងទីក្រុង Abu Dhabi ទៅកាន់ទីក្រុងភ្នំពេញ នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំក្រោយ ជាមួយនឹងការបើកជើងហោះហើរចំនួន៥ដងក្នុងមួយសប្តាហ៍ រួមមាននៅថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍។

ការបើកដំណើរការសេវាកម្មហោះហើរថ្មីនេះ នឹងជះឥទ្ធិពលវិជ្ជមានលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលគ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្មក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លើកឡើងថា កម្ពុជាជាគោលដៅថ្មីសម្រាប់អ្នកដំណើរមកពីប្រទេសអារ៉ាប់រួម ដោយកត់សម្គាល់ថា រាជធានីភ្នំពេញជាទីក្រុងដ៏រស់រវើក គួបផ្សំជាមួយភាពទាក់ទាញជាប្រវត្តិសាស្ត្រ ដែលមានទីតាំងសំខាន់ៗជាច្រើនដូចជា ព្រះបរមរាជវាំង វត្តព្រះកែវមរកត និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានអះអាងទៀតថា “ដំណើរកម្សាន្តតាមមាត់ទន្លេក្នុងទីក្រុងភ្នំពេញ ទីផ្សារដ៏រស់រវើក និងម្ហូបអាហារដ៏សម្បូរបែប ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាគោលដៅទាក់ទាញសម្រាប់ទាំងអ្នកចូលចិត្តសិក្សាពីប្រវត្តិសាស្ត្រ និងវប្បធម៌”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានតភ្ជាប់ជើងហោះហើរពីតំបន់មជ្ឈឹមបូព៌ាមកកាន់កម្ពុជារួមមាន ក្រុមហ៊ុន Emirates ដែលមានសេវាកម្មហោះហើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់តាមរយៈសិង្ហបុរី និងក្រុមហ៊ុន Qatar Airways៕ប្រភព: Etihad Global៕

LEAVE A REPLY

Please enter your comment!
Please enter your name here