ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបរាប់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រអ្នកវិនិយោគិនបរទេស និងលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងដំណើរការផ្លាស់ប្ដូរកម្ពុជា ទាំងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល និងការបណ្ដាក់ទុកផ្សេងៗ។
សម្តេចបានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពីមុនមានឈ្មោះថា “កិច្ចប្រជុំសេដ្ឋកិច្ចពិភពលោករបស់ចិន” នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
កិច្ចប្រជុំកំពូលនេះធ្វើឡើង ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងធុរកិច្ច និងអ្នកជំនាញផ្សេងៗ និងជាឱកាសក្នុងការតភ្ជាប់ទំនាក់ទំនងសហគ្រិន ជាមួយនឹងវិនិយោគិនចិន ក៏ដូចជាអ្នកវិនិយោគិន នៅក្នុងប្រទេសនៃកិច្ចព្រមព្រៀង RCEP និងរវាងលោកខាងកើត និង លោកខាងលិច។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលរបស់លោកលើកកម្ពស់ធុរកិច្ច និងវិនិយោគិន ដែលជាកត្តាជំរុញដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា និងនវានុវត្តន៍ តាមរយៈការបង្កើតឱកាសអំណោយផលដែលធ្វើឲ្យធុរកិច្ចមានការរីកចម្រើន នវានុវត្តន៍មានភាពជឿនលឿន ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែរទាំ។
សម្តេចបញ្ជាក់ថា “ឧតម្តភាពពិសេសរបស់ប្រទេសកម្ពុជាដែលខុសប្លែកពីប្រទេសផ្សេងៗក្នុងតំបន់គឺ សន្តិភាព និងស្ថិរភាព និង មានសេដ្ឋកិច្ចសេរី និងបើកចំហបំផុតនៅអាស៊ី”។
សម្តេចបន្តថ្លែងថា “ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលនយោបាយទាំងនេះ ត្រូវបានចែងយ៉ាងពេញលេញនៅក្នុងការប្ដេជ្ញាចិត្ត របស់នៅជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់យើង”។
ជាឧទាហរណ៍ យើងបានផ្ដល់ភាពជាម្ចាស់ នៃអាជីវកម្ម មិនការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើរប្រាក់ដើមទុនត្រឡប់ទៅវិញនោះទេ។
សម្តេចធិបតីបានបន្តថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំងក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយឲ្យអាជីវកម្ម និងការវិនិយោគមានការរីកចម្រើន។ នៅពេលវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា និងកម្មន្តសាល រដ្ឋាភិបាលផ្ដល់នូវអត្ថប្រយោជន៍បន្ថែមយ៉ាងច្រើន ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។
បើក្រឡេកមើលលើទីផ្សារវិញ កម្ពុជាស្ថិតនៅក្នុងកិច្ចព្រមព្រៀងជាច្រើន ដែលផ្ដល់វិសាលភាពទីផ្សារយ៉ាងធំ ដល់អ្នកវិនិយោគ ដូចជា កិច្ចព្រមព្រៀង RCEP ដែលមានប្រជាជន ២,៣ពាន់លាននាក់ និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ដូចជា ជាមួយចិន និងកូរ៉េ និងការបើកច្រកទីផ្សារទៅប្រទេសផ្សេងៗតាមរយៈកិច្ចព្រមព្រៀងជាមួយអេមីរ៉ាតអារ៉ាប់រួម។
នៅឆ្នាំ២០៥០ កម្ពុជានឹងសម្រេចបានអព្យាក្រឹត្យភាពកាបូន។ បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានថាមពលកកើតឡើងវិញជាង៦០ភាគយហើយ។ នៅឆ្នាំ ២០៣០ ថាមពលកកើតឡើងវិញនឹងសម្រេចបាន៧០ភាគរយ។ ទាំងនេះគឺជាការផ្ញើសារប្រាប់អ្នកវិនិយោគិនថា ការវិនិយោគនៅកម្ពុជា មិនមែនត្រឹមតែជាការជ្រើសរើសកន្លែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងក្លាយជាតួអង្គក្នុងការកសាងនយោបាយអនាគតប្រកបដោយចិរភាពផងដែរ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។
សម្តេចបានបញ្ជាក់ថា “ខ្ញុំសុំប្ដេជ្ញាផ្ទាល់ខ្លួនថា រដ្ឋាភិបាលខ្ញុំនឹងបន្តគាំទ្រដល់ជោគជ័យ របស់ភ្ញៀវទាំងអស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ ទ្វាររបស់យើងតែងតែបើកចំហរ ហើយយើងនៅតែរក្សា គោលការណ៍ដែលអាចព្យាករបាន”។ សម្តេចបន្ថែមថា “ការប្ដេជ្ញារបស់យើង ចំពោះអាជីវកម្មរបស់អ្នកមិនមានការផ្លាស់ប្ដូរទេ។ ដូច្នេះហើយ ខ្ញុំសូមអញ្ជើញភ្ញៀវទាំងអស់ ដើម្បីក្លាយជាផ្នែកមួយ នៃដំណើរការផ្លាស់ប្ដូរកម្ពុជា មិនថាក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្ដាក់ទុនផ្សេងទៀតនោះទេ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នក”។
លោកបន្តថា សូមចូលរួមជំពូកបន្ទាប់ នៃអច្ឆរិយភាពសេដ្ឋកិច្ចអាស៊ី ក្នុងប្រទេសកម្ពុជា។ យើងរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពបន្ថែម សម្រាប់យើងទាំងអស់គ្នា»។
លោក Tan Sri Michael Yeoh ប្រធានរៀបចំកិច្ចប្រជុំកំពូល GCET និងជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (KSI) បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងចំណោមប្រទេសនានា ជាពិសេសនៅលោកខាងត្បូង ដើម្បីបង្កើតទំនាក់ទំនង ក្នុងការកសាងសហគមន៍រួម ជឿជាក់ទៅវិញទៅមក គោរពនិងទទួលបានផលប្រយោជន៍រៀងៗខ្លួន។
លោកបន្តថា ចិនគឺជាប្រទេសនាំមុខគេ ក្នុងបច្ចេកវិទ្យាឌីថល និងបៃតង និងជួយអាស៊ាន និងលោកខាតត្បូងលើការធ្វើបរិវត្តកម្មឌីជីថល និងផ្លាស់ប្ដូរបៃត ដែលជាគោលដៅ និងយុទ្ធសាស្ត្រអាទិភាពនៃវេទិការនេះ។
ជាមួយគ្នានេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូល GCET ត្រូវបានរៀបចំឡើងនៅកម្ពុជា ពីព្រោះកម្ពុជាស្ថិតនៅកណ្ដាល នៃតំបន់អាស៊ាន និងមានការរីកចម្រើនឆាប់រហ័ស។
លោកបន្តថា “កម្ពុជាគឺជាដៃគូដ៏គួរឲ្យទុកចិត្ត និងជាចំណុចទាក់ទាញសម្រាប់វិនិយោគិនចិន ក្នុងការវិនិយោគនិងបើកធុរកិច្ចនៅក្រៅប្រទេស”៕