ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុប រវាងប្រទេសកម្ពុជា និងបណ្តាដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ចំនួន៤០,៩៤ពាន់លានដុល្លារ។
តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេរដងដល់ទំហំទឹកប្រាក់ប្រហែល១០០ពាន់លានដុល្លារ ក្នុងរយៈពេល៦ឆ្នាំខាងមុខ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនា គារពិភពលោក។
របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ការនាំចូល និងការនាំចេញទំនិញ តាមកុងតឺន័ររបស់កម្ពុជាបានកើនឡើងជាង៤០០ភាគរយ ដោយសារកំណើននៃការបញ្ជាទិញពីទ្វីបអាមេរិកខាងជើង ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។
ទោះជាយ៉ាងណា ថ្លៃចំណាយលើភស្តុភាររបស់កម្ពុជានៅតែមានកម្រិតខ្ពស់ ដែលស្មើនឹងចំណែក២៦ភាគរយ នៃផលទុនជាតិសរុប(GDP)របស់កម្ពុជា បើធៀបនឹងចំណែកត្រឹមតែ១៤ភាគរយ នៅក្នុងប្រទេសថៃ និងចំណែក២០ភាគរយនៅក្នុងប្រទេសវៀតណាម។
ក្នុងន័យនេះ ធនាគារពិភពលោក បានលើកឡើងពីច្រករបៀងពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលមានភាពចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើសមាហរណកម្មក្នុងតំបន់។
ច្រករបៀងទាំងនេះ មានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកភស្តុភារ និងកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលជាឧបសគ្គរារាំង ដល់ការប្រកួតប្រជែង ផ្នែកពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន។
ទី១: ច្រករបៀងផ្លូវថ្នល់ (East-West Road)
ច្រករបៀងនេះ តភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ដែលបម្រើជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់មហាអនុតំបន់មេគង្គ (GMS)។
ផ្លូវសៀមរាប-អូរយ៉ាដាវ ចម្ងាយ៤០០គីឡូម៉ែត្រ ដែលជាផ្នែកដ៏សំខាន់មួយនៃច្រករបៀងនេះ ទាមទារឱ្យមានការកែលម្អ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម កាន់តែរលូនរវាងបណ្តាប្រទេសទាំង៣។
ច្រករបៀងនេះមានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹ ងការតភ្ជាប់ ជាមួយទីផ្សារសំខាន់ៗក្នុងតំបន់ និងការទាញយកសក្តានុពលសេដ្ឋកិច្ច នៅក្នុងខេត្តភាគឦសាន នៃប្រទេសកម្ពុជា។
របាយការណ៍របស់ធនាគារពិភពលោកបានកំណត់ថា ផ្លូវនេះជាផ្នែកមួយនៃបណ្តាញ ផ្លូវហាយវេអាស៊ាន(Asian Highway Network) និងជាអាទិភាពមួយ ក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥។
របាយការណ៍បានបន្ថែមថា “ការកែលម្អផ្លូវសៀមរាប-អូយ៉ាដាវ អាចជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនបានយ៉ាងច្រើន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់”។
ទី២: ច្រករបៀងផ្លូវទឹក
របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា បច្ចុប្បន្ននេះ ផ្លូវទឹកគ្រប់គ្រងបានចំណែក២៦ភាគរយ នៃទំហំដោះដូរពាណិជ្ជកម្មសរុបរបស់កម្ពុជា ប៉ុន្តែសក្តានុពលផ្លូវទឹករបស់កម្ពុជា ពុំទាន់ត្រូវបានទាញយក ទៅប្រើប្រាស់នៅឡើយ។
កំពង់ផែស្វយ័តភ្នំពេញ (PPAP) គ្រោងនឹងបង្កើនសមត្ថភាពគ្រប់គ្រងកុងតឺន័ររបស់ខ្លួនទ្វេរដង នៅឆ្នាំ២០២៩ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកស្ថានីយកុងតឺន័រ LM17 ជាដើម។
ទន្ទឹមគ្នានេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ឱ្យកម្ពុជាខិតខំកែលម្អបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមមានការធ្វើទំនើបកម្មកំពង់ផែអន្តរជាតិខ្នាតតូច ក្នុងខេត្តកំពង់ចាម និងតំបន់ព្រែកក្តាម ដើម្បីផ្ទុកនាវាធំជាងមុន និងបង្កើនវិធានការសុវត្ថិភាព។
យ៉ាងណាមិញ ឧបសគ្គផ្នែករដ្ឋបាល នៅតែជាបញ្ហាប្រឈម។ ធនាគារពិភពលោក បានជំរុញឱ្យកម្ពុជាពង្រឹងនីតិវិធីឆ្លងកាត់ផ្លូវទឹកឆ្លងដែន ជាមួយប្រទេសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីច្រករបៀងនេះ។
ទី៣. ច្រករបៀងផ្លូវដែក
របាយការណ៍របស់ធនាគារពិភពលោក បានកត់សម្គាល់ថា ច្រករបៀងផ្លូវដែកនៅកម្ពុជា ដែលលាតសន្ធឹងលើក្រុងប៉ោយប៉ែត រាជធានីភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ គ្រប់ គ្រងចំណែក នៃការដឹកជញ្ជូនទំនិញក្នុងស្រុក តិចជាង១ភាគរយ។
ទោះជាយ៉ាងណា ច្រករបៀងនេះ មានសក្តានុពលយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសថៃ និងសម្រួលដល់ការតភ្ជាប់ ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈកំពង់ផែខេត្តព្រះសីហនុ។
ធនាគារពិភពលោក ក៏បានស្នើឱ្យកម្ពុជាសិក្សាស្វែងយល់អំពីលទ្ធភាព នៃការពង្រីកការតភ្ជាប់ផ្លូវដែក ទៅកាន់កំពង់ផែទន្លេក្នុងរាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនចម្រុះ។
របាយការណ៍បានលើកឡើងថា “ផ្លូវរថភ្លើងជាធនធាន ដែលមិនទាន់ ត្រូវបានទាញយកសក្តានុពល នៅក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជានៅឡើយ។ ហេតុនេះ ការវិនិយោគជាយុទ្ធសាស្រ្ត លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក អាចផ្លាស់ប្តូរការដឹកជញ្ជូនទំនិញពីផ្លូវថ្នល់ កាត់បន្ថយការចំណាយ និងការកកស្ទះ”។
ច្រករបៀងនេះក៏ត្រូវបានគេចាត់ទុកថា ជាគន្លឹះក្នុងការកាត់បន្ថយការបំភាយកាបូន (Decarbonisation)ផងដែរ។ ការដឹកជញ្ជូនតាមផ្លូវដែក បំភាយឧស្ម័នផ្ទះកញ្ចក់ទាបណាស់ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវថ្នល់។
ច្រករបៀងនីមួយៗ ដើរតួនាទីបំពេញបន្ថែម នៅក្នុងប្រព័ន្ធអេកូឡូជីស្ទីករបស់កម្ពុជា។ តួយ៉ាង ផ្លូវថ្នល់អាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ដែលងាយខូច ខណៈផ្លូវទឹកអាចដឹកជញ្ជូនទំនិញបានច្រើនក្នុងថ្លៃដើមទាប ហើយផ្លូវដែកជាជម្រើ សប្រកបដោយនិរន្តរភាព សម្រាប់ការដឹកជញ្ជូនទំនិញធុនធ្ងន់។
ធនាគារពិភពលោកបានទាញសេចក្តីសន្និដ្ឋានថា ច្រករបៀងទាំង៣នេះ នឹងបង្កើតបានជាឆ្អឹងខ្នង នៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់៕ប្រភព: The Nation៕