សហគមន៍ទេសចរណ៍ប្រមាណ៣០បានរកប្រភពចំណូលពីភ្ញៀវទេសចរណ៍

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាម​គោល​នយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វែ អាទិត្យាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅកម្ពុជាមានសហគមន៍ធម្មជាតិចំនួន៥០ ដែលបានចងក្រងឡើង ក្នុងនោះសហគមន៍ចំ​នួន៣០ បាននិងកំពុងបង្កើតផលចំណូល ពីភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិដោយខ្លួនឯង។

នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាន​កំពុងធ្វើឱ្យ​សហគមន៍​មាន​ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និង​មុខរ​បរ​ថ្មី។ ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់​លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំ បង្កើតជាអេកូទេស​ចរណ៍ នៅក្នុងតំបន់សហគមន៍។

ទាក់ទងទៅនឹងវិស័យទេសចរណ៍ធម្មជាតិ ក្នុងខេត្តសៀម​រាបនេះផងដែរ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃក​ម្ពុជា បាន​ផ្តល់ជូននូវដំណោះស្រាយមួយចំនួន នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង បន្ទាប់​ពី​បានចុះទៅពិនិត្យ​ស្ថានភាព​ និងទស្សនាតំបន់ទេសចរណ៍ធម្មជាតិនេះ នាថ្ងៃទី១ ធ្នូនេះ។

យោងតាមបណ្តាញសង្គមផ្លូវការ របស់ប្រមុខរដ្ឋាភិបាលបានឱ្យដឹងថា បន្ទាប់ពីបានទស្សនកិច្ច​ និង​ជួបសំណេះ​សំ​ណាល​ផ្ទាល់ជាមួយសហគមន៍​ ជាពិសេស អ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវា ជូនអ្នកទេសចរ​នាយករដ្ឋមន្រ្តីក​ម្ពុជា បានទទួលយកនូវសំណូមពរ​មួយចំនួន​។

ក្នុងនោះ ប្រមុខរដ្ឋាភិបាលបាន ផ្តល់​ជា​ដំណោះ​ស្រាយ​មួយ​ចំនួនដូចជា កសាងផ្លូវកៅស៊ូ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម ​ដែលមានស្រាប់ ដើម្បី​ផ្តល់ភាពងាយ​ស្រួលក្នុង​កា​រ​​ធ្វើដំណើរ​ និងកាត់បន្ថយការហុយ។

សម្តេចធិបតីក៏បានសម្រេច កសាងបញ្ជរ​លក់សំបុត្រថ្មី​របស់​សហ​គម​ន៍ ដែលនឹងជួយឱ្យសហគមន៍ មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចពេលបច្ចុប្បន្ន ហើយនិង​ផ្តល់បន្ថែម​នូវធុង​សំរាម​ក្នុង​ស​ហ​គមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here