ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឱ្យអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួន យកមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

-->
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា នៅក្នុងពិធីចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះថា ការថែទាំជួសជុលអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បានបញ្ចប់ជាស្ថាពរ។
បច្ចុប្បន្នការជួសជុល និងសាងសង់អាងហែលទឹក និងអាងលោតតម្លៃ២លានដុល្លារសម្រេចបានប្រមាណជា ៥៥%ហើយ ដែលការថែទាំជួសជុល និងសាងសង់អាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពី ៧ខែ ទៅ៨ខែ ដោយចាប់ដំណើរ ការជួសជុល និងសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីដាក់ឱ្យដំណើរ ការឡើងវិញ សម្រាប់ឱ្យកីឡាករ-កីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកធ្លាប់បានឱ្យដឹងថា អាង ហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ស្ថាបនាឡើងក្នុងទសវត្សឆ្នាំ១៩៦០ មកដល់ពេលនេះ មានអាយុកាល៥៨ឆ្នាំហើយគឺវាលែងស្ថិតក្នុងលំដាប់ស្ដង់ដាទៅហើយ អាងហែលទឹកនេះ មានកន្លែងសម្រាប់ប្រកួតហែល និងសម្រាប់លោតទឹក ដើម្បីធ្វើវាឱ្យត្រឹមត្រូវតាមស្ដង់ដាជា សកលក្នុងយុគសម័យនេះ គឺមានផ្នែកជាច្រើនត្រូវវ៉ៃចោលធ្វើជាថ្មី ។

លោកបន្តថា ទំហ៊ំអាងចាស់គឺទទឹង២០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ នៅពេលជួសជុលត្រូវបំពាក់ប្រព័ន្ធពេលវេលាស្វ័យ ប្រវត្តិ និងត្រូវពង្រីកអាងទំហ៊ំទទឹង២៥ម៉ែត្រ និងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល ចំណែកអាងសម្រាប់លោតដែលទំហ៊ំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះ ក៏ត្រូវពង្រីកដល់២៥ម៉ែត្រគុណនឹង ២១ម៉ែត្រ ។

លោក ហែម គីរី បានបញ្ជាក់ទៀតថា ជាមួយការងារពង្រីកអាងហែលទឹកនោះ ក៏ត្រូវជួសជុលអគារក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅហូបចុករបស់កីឡាករ-កីឡាការិនី ដែលការជួសជុលនេះ ក្នុងទ្រង់ទ្រាយធំ ដែលមិនធ្លាប់ធ្វើពីមុនមក ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាងមួយលានដុល្លាសហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តមប្រធានសហព័ន្ធស៊ុន ចាន់ថុល ជាអ្នកស្វះស្វែងរកថវិកា ដើម្បីជួសជុលនេះ ៕