ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ការដាក់ពន្ធដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីបណ្តាប្រទេសអាស៊ានចំនួន៤ បានរំខានដល់ពាណិជ្ជកម្មពិភពលោក និងជះផលប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធទៅលើការនាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ ដោយចោទប្រកាន់ថា បណ្តាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិននៅក្នុងប្រទេសទាំងនេះបានធ្វើឱ្យតម្លៃបន្ទះសូឡាធ្លាក់ចុះ។

-->
លោកស្រី Lee Pei May អ្នកជំនាញខាងនយោបាយនៅសាកលវិទ្យាល័យអុីស្លាមអន្តរជាតិម៉ាឡេស៊ីបានថ្លែងប្រាប់កាសែត Xinhua ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលសហរដ្ឋអាមេរិកកាន់តែប្រកាន់ជំហរគាំពារនិយម។
លោកស្រីបន្តថា “រដ្ឋាភិបាលម៉ាឡេស៊ីយល់ឃើញថា យើងត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ហើយនេះជាហេតុផលមួយ ដែលម៉ាឡេសុីសម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន(BRICS)”។

លើសពីនេះ លោកស្រី Lee បានសម្តែងការហួសចិត្តចំពោះសហរដ្ឋអាមេរិក ដែលធ្លាប់អះអាងថា ខ្លួនជាអ្នកតស៊ូមតិនាំមុខគេដើម្បីស្វែងរកសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី។
អ្នកជំនាញរូបនេះជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកចំហ និងភាពស្វាហាប់ជាងមុន ដោយសង្កត់ធ្ងន់ឥតងាករេលើសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងបើកចំហ។
ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញការព្រួយបារម្ភអំពីទំនោររបស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយពាណិជ្ជកម្មទៅជាអាវុធនយោបាយ។

ជាមួយគ្នានេះ ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពគាំពារនិយមរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Azmi Hassan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័ន Nusantara Academy for Strategic បានអះអាងថា “វិធានការរបស់អាមេរិកពុំមែនជាសញ្ញាបង្ហាញពីភាពរឹងមាំទេ។ ប៉ុន្តែ នេះជាភាពទន់ខ្សោយ ដោយសារតែសហរដ្ឋអាមេរិកយល់ឃើញថា ខ្លួនពិបាកការពារសេដ្ឋកិច្ច និងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន”។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងបំពានប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដោយមិនគិតពីផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងចំពោះបណ្តាប្រទេសដទៃ។
លោក Azmi បានអះអាងទៀតថា ប្រទេសម៉ាឡេស៊ី កំពុងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ខណៈបណ្តាប្រទេសផ្សេងទៀតនឹងឈានដល់ការសន្និដ្ឋានដូចគ្នា និងចាត់វិធានការសមស្រប៕ប្រភព: Xinhua៕