ដោយ: គង់ លាងហួរ
អន្តរជាតិ: កំពូលមហាសេដ្ឋីនៅលើពិភពលោក លោក Elon Musk ដែលជាម្ចាស់របស់បណ្តាក្រុមហ៊ុនខ្នាតយក្សជាច្រើនដូចជា Tesla និង SpaceX ត្រូវបានគេស្គាល់ថា ជាមនុស្សចូលចិត្តប្រកួតប្រជែងជាមួយដៃគូធំៗដ៏មានសក្តានុពលរបស់ខ្លួន។

តួយ៉ាង លោក Musk ធ្លាប់បានបបួលលោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta មកប្រយុទ្ធគ្នាក្នុងទ្រុង។ លោក Musk បានហៅលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ថា ជា “មនុស្ស ដែលចម្លងតាមស្នាដៃអ្នកដទៃ ឬ Copycat”ហើយនាពេលថ្មីៗនេះលោកក៏បានប្តឹងលោក Sam Altman ម្ចាស់ក្រុមហ៊ុន OpenAI ផងដែរ។
-->
សកម្មភាពទាំងនេះអាចជារឿងធម្មតាចំពោះការប្រកួតប្រជែងផ្នែកអាជីវកម្មរវាងបណ្តាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងជោគជ័យបំផុតមួយចំនួននៅលើពិភពលោក។

ប៉ុន្តែ ករណីនេះបានក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ ព្រោះប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងលោក Elon Musk ឱ្យដឹកនាំអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាលថ្មី ក្រោយពីលោក Elon Musk បានបោះទុនរាប់លានដុល្លារ ដើម្បីជួយគាំទ្រដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ។
ការតែងតាំងនេះនឹងធ្វើឱ្យកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោករូបនេះកាន់តែមានឥទ្ធិពលខ្លាំងឡើង។

ស្របពេលដែលលោក Elon Musk នឹងមានឥទ្ធិពលខ្លាំងក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ត្រាំ ក្រុមអ្នកវិភាគបានបង្ហាញការភ័យខ្លាចថា លោក Musk អាចប្រើប្រាស់អំណាចក្នុងជួររដ្ឋាភិបាលដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក និងធ្វើបាបដៃគូប្រជែង។
លោក Musk អាចធ្វើទុក្ខបុកម្នេញលើដៃគូប្រជែងរបស់លោកក្នុងទម្រង់នានាដូចជា ការបើកការស៊ើបអង្កេតលើក្រុមហ៊ុនរបស់ដៃគូប្រជែង ព្រមទាំងបង្កើត ឬកាត់បន្ថយបទប្បញ្ញត្តិ និងប្រគល់កិច្ចសន្យាគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាលដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក៕ប្រភព: CNN៕