ដំណឹងល្អ​! ក្រុមហ៊ុន​ជប៉ុន​ធំ​លំដាប់​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា

0

​ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ជា​ដំណឹងល្អ​ គួរ​ឱ្យ​រីករាយ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​ អចលនទ្រព្យ​ និង​វិស័យ​សំណង់​នៅ​កម្ពុជា​ ខណៈ​ដែល​នៅក្នុង​ឆ្នាំ​ ២០១៩​ នេះ​ អ្នកជំនាញ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ នឹង​មាន​ក្រុម​ហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ចំនួន៥​ មក​បង្ហាញ​វត្តមាន​ចូលរួម​វិនិយោគ​ និង​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​កម្ពុជា​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ Century21​ Cambodai​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​បង្ហើប​ប្រាប់​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​មកកាន់​កម្ពុជា​ចំនួន៥បន្ថែម​ទៀត​ ដែល​វិនិយោគ​ និង​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ផ្នែក​វិស័យ​សំណង់​ និង​ផ្នែក​អចលនទ្រព្យ​។

អ្នកនាង​បន្ត​ទៀត​ថា​ ៖ «វត្តមាន​បន្ថែម​ថ្មី​នៃ​ក្រុមហ៊ុន​ជប៉ុន​កម្រិត​អន្តរជាតិ​ទាំង៥ដែល​នឹង​មកដល់​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៩​នេះ​ វា​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​ ដែល​បញ្ជាក់​ថា​ វិស័យ​សាងសង់​សំណង់​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឆ្ពោះទៅ​មុខ​។ ជា​ធម្មតា​ សម្រាប់​អ្នក​វិនិយោគ​ជប៉ុន​គឺ​មាន​ភាព​ច្បាស់ការ​ ប្រាកដប្រជា​ណាស់​ ដែល​មុននឹង​សម្រេចចិត្ត​បោះជំហាន​ ឬចាប់​ដៃ​សហការ​វិនិយោគ​ជាមួយ​អ្នកណា​គឺ​គេ​បាន​សិក្សា​លម្អិត​ និង​ច្បាស់​រួច​ទៅ​ហើយ​ គឺ​ភាគច្រើន​មិន​ត្រូវ​បាន​ធ្វើ​ទាំង​ភាព​ប្រថុយ​ប្រថាន​នោះ​ទេ​។

ជា​បទពិសោធន៍​ នៅ​កម្ពុជា​គឺ​មាន​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​ជាច្រើន​រួចមក​ហើយ​ និង​ស្ទើរគ្រប់​វិស័យ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្សារ​ទំនើប​ AEON​ ជាដើម​ ដែល​ត្រឹម​រយៈពេល​ខ្លី​បាន​ពង្រីក​សាខា​របស់​ខ្លួន​បញ្ជាក់​ពី​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ​ រូបភាព​វិជ្ជមាន​ទាំងនេះ​ហើយ​ ដែល​ជា​ទំនុកចិត្ត​របស់​ពួកគេ​។

អ្នកនាង​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ទៀត​ថា​ ៖ «ជា​ការពិត​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ជប៉ុន​ បាន​ និង​កំពុងតែ​សម្លឹង​មើល​បណ្តា​ប្រទេស​នានា​ដែល​នៅ​ជិតខាង​ដើម្បី​ធ្វើការ​វិនិយោគ​ ពង្រីក​វិសាលភាព​របស់​ខ្លួន​ ព្រោះ​នៅក្នុង​ប្រទេស​ជប៉ុន​ ការប្រកួត​ប្រជែង​គឺ​មាន​ភាព​លំបាក​ ទីផ្សារ​ចង្អៀត​ ជាពិសេស​ខ្វះ​នូវ​កម្លាំង​ពលកម្ម​ជំនាញ​ ដែល​ចាំបាច់​ត្រូវតែ​ស្វែង​រក​ទីផ្សារ​ក្រៅប្រទេស​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ខ្លួន​។

ដោយឡែក​សម្រាប់​កម្ពុជា​ ត្រូវ​បាន​គេស​ម្លឹង​ឃើញ​ពី​សក្តា​នុ​ពល​ច្រើន​ សម្បូរ​កម្លាំង​ជំនាញ​ ជាពិសេស​ទីផ្សារ​ប្រកួតប្រជែង​នៅ​មាន​ភាព​ទូលាយ​ ដែល​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពួកគេ​»។ ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​សាទរ​ជាមួយ​ដំណឹង​ចំណូល​ថ្មី​នៃ​ក្រុមហ៊ុន​ជប៉ុន​លំដាប់​អន្តរជាតិ​ទាំង៥ខាងលើ​នេះ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ ៖ «វា​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ដំណឹង​នេះ​ ព្រោះ​នៅពេល​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​បង្ហាញ​ខ្លួន​ នោះ​បញ្ជាក់​ថា​ កម្ពុជា​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នក​វិនិយោគ​។

ក្រៅពី​នេះ​ វត្តមាន​របស់​ក្រុមហ៊ុន​អន្តរជាតិ​ វា​នឹង​ចូលរួម​ជួយ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ ក៏ដូចជា​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ខិតខំ​ពង្រឹង​សមត្ថភាព​ និង​គុណភាព​ ក៏ដូចជា​ក្រមសីលធម៌​ ដើម្បី​ធ្វើ​យ៉ាងណា​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «ភាគច្រើន​ ក្រុមហ៊ុន​ជប៉ុន​ តែង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ ហើយ​ពួកគេ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចាប់​យក​ចំណែក​ទីផ្សារ​ ក៏ដូចជា​អតិថិជន​របស់​ពួកគេ​ ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទីនេះ​ យើង​ឃើញស្រាប់​ហើយ​ ដូចជា​ ការ​វិនិយោគ​ទៅលើ​ប្រភេទ​ខុន​ដូ​ ប៊ូ​ តែ​ ជូ​  សំណង់​​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ អា​រ៉ា​កា​វ៉ា​ ក៏ដូចជា​ផ្សារ​ទំនើប​ AEON​ ជាដើម​ ​ដូច្នេះ​ ចង់​មិន​ចង់​ បណ្តា​ក្រុមហ៊ុន​នានា​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ត្រូវតែ​ចេះ​បត់បែន​ និង​ពង្រឹង​សមត្ថភាព​ឱ្យ​ល្អ​ ទើប​អាច​រក្សា​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​»។ គិត​មក​ត្រឹម​ដើមឆ្នាំ២០១៩​ ក្រុមហ៊ុន​ជប៉ុន​ បាន​ចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ស្ទើរគ្រប់​វិស័យ​រហូតដល់​ជាង​២០០០ក្រុមហ៊ុន​រួចមក​ហើយ​ ។

បណ្ឌិត​ ម៉ី​ កល្យាណ​ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ កំណើន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ដ៏​សំខាន់​នៃ​បរិយាកាស​នយោ​បា​យ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​អ្នក​វិនិយោគ​ជប៉ុន​ មុន​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ ពួកគេ​សិក្សា​ច្បាស់លាស់​ណាស់​ ទើប​សម្រេចចិត្ត​ចូល​វិនិយោគ​។

លោក​បន្ត​ថា​ ៖ «ជប៉ុន​បាន​កសាង​មូលដ្ឋាន​គ្រឹះ​ វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​ហើយ​ យើ​ ងគួរ​ទះដៃ​អបអរសាទរ​ទាំង​អស់គ្នា​។ ទោះជាយ៉ាងណា​កម្ពុជា​នៅតែ​ត្រូវការ​កែ​លំ​អរ​ថែមទៀត​ ហើយ​ការ​កែ​លំ​អរ​បែបនេះ​ត្រូវតែ​ធ្វើជា​បន្តបន្ទាប់​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here