ដោយ វុត្ថា
សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីលើកទី៨ (8th Asia Golf Tourism Convention – AGTC) ដែលនឹងធ្វើឡើងនៅសៀមរាប-អង្គរនាពេលនេះ គឺជាព្រឹត្តិការណ៍ដែលនឹងចូលរួមផ្សព្វផ្សាយពីវិស័យកីឡាទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែល្បីសុះសាយថែមទៀត។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ទេសចរណ៍បានឲ្យដឹងនៅក្នុងពិធីលៀងសាយភោជន៍នៅសណ្ឋាគារសុខាអង្គរ នារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះថា កម្ពុជាពិតជាមានកិត្តិយសណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍កីឡាវាយកូនគោលអាស៊ី» លើកដំបូងនេះ ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ និងមានកន្លែងទេសចរណ៍ដ៏ពិសិដ្ឋ គឺតំបន់សៀមរាប-អង្គរ។
-->
លោក ថោង ខុន បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ។
លោក Peter Walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ (Chief Executive of the Global Golf Tourism Organisation) បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីនេះ តែងធ្វើឡើងនៅតាមប្រទេសនានាជារៀងរាល់ឆ្នាំបាន៧ដងរួចមកហើយ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ហើយនៅឆ្នាំ២០១៩នេះ ជាលើកទី៨ ដែលអង្គការលោកបានជ្រើសរើសយកខេត្តសៀមរាបអង្គរ ប្រទេសកម្ពុជា ហើយដែលមាន៤៥ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកបន្តថា នេះជាលើកទី១ហើយសម្រាប់កម្ពុជា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានទីលានវាយកូនគោលលំដាប់បទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។
លោក Peter បានបន្តថា អ្នកចូលរួមទាំង៥៦២នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ឥណ្ឌា ទ្វីបអាមេរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។
អគ្គនាយករូបនេះបានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា៕