Wold Bank ផ្តល់កម្ចីជាង ៥៧ លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍បណ្តាញ​លូប្រមូល​ទឹក​​កខ្វក់​ក្រុង​សៀមរាប

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានទទួលនូវការឯកភាពផ្តល់ជាកម្ចី ដល់កម្ពុជា ក្រោមគម្រោងការ​លើក​កម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សរុបចំនួន ៥៧,៥ លានដុល្លាអាមេរិច កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២១០៩ បន្ទាប់​ពីចរចារដោយជោគជ័យកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះថវិកាចំនួន ២,៥ លានដុល្លាអាមេរិច ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះចែកចេញជាពីរសមាសភាគ ដោយសមាសភាគទី១ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត អនុវត្តន៍ដោយ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងសមាសភាគទី២ ពាក់ព័ន្ធនឹងវិស័យអនាម័យ អនុវត្តន៍ដោយក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក្នុងទំហំទឹកប្រាក់ប្រមាណ ២៥,៥ លានដុល្លាអាមេរិច ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ សម្រាប់ការចំណាយលើការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងក្នុងតំបន់ខាងលិច និងខាងកើតក្រុងសៀមរាប ការកែ​លម្អ​ស្ថានីយបូមដែលមានស្រាប់ទាំងបីទីតាំង ការកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកសាងសមត្ថភាពមន្ត្រី ការរៀប​ចំ​ផែនការតភ្ជាប់បណ្តាញលូ និងការងារពាក់ព័ន្ធមួយចំនួន។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំធ្វើយ៉ាងណាពង្រីកសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីពង្រីក​តំបន់​សេវាឱ្យបានកាន់តែធំ ជាពិសេសពង្រីកបណ្តាញលូទឹកកខ្វក់ ចំនួននៃការតភ្ជាប់ ការផ្តល់សេវាប្រកបដោយទំនួលខុសត្រូវ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ឱ្យបានទូទាំងក្រុងសៀមរាប ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត សុខភាព​អនាម័យ​​សាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកប​ដោយ​ចីរភាព​ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ (Sustainable Development Goal 6) ធានានូវការទទួល​បាន និង​ការ​គ្រប់គ្រង​ទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here