សហរដ្ឋអាមេរិកគ្រោងសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិក តភ្ជាប់រវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដិ៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នារយៈពេលជាច្រើនឆ្នាំមកនេះ
មនុស្សចង់ចំណាយពេលវេលាកាន់តែតិចជាងមុន ក្នុងការធ្វើដំណើរក្នុងរយៈចម្ងាយដ៏វែងចំនួន៣.៤០០ម៉ាយ(ប្រមាណ៥.៤៧២គីឡូម៉ែត្រ) រវាងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក និងទីក្រុងឡុងដិ៍របស់ប្រទេសអង់គ្លេស។

បច្ចុប្បន្ន ការជិះយន្តហោះល្បឿនលឿន ជាដំណោះស្រាយមួយ។ ប៉ុន្តែ នៅមានវិធីសាស្ត្រផ្សេងទៀត ដែលរំពឹងថា អាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំង២មកនៅក្រោម១ម៉ោង តាមរយៈគោលគំនិតសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិក។

គម្រោងប្រកបដោយមហិច្ឆិតានេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ចំណាយ​ទុនវិនិយោគអស់​ប្រហែល២០ទ្រី​លាន​ដុល្លារ ដែលនឹង​ច្នៃប្រឌិត​ឡើងវិញ​នូវ​វិធី​សាស្ត្រនៃការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ។
ថ្វីត្បិតតែគម្រោងនេះស្ថិតក្នុងដំណាក់កាលទ្រឹស្ដី(Theoretical phases)យ៉ាងណាក្តី ប៉ុន្តែគ្មាននរណាម្នាក់អាចនិយាយថា គម្រោងនេះនឹងមិនអាចក្លាយជាការពិតនោះទេ ដរាបណាវិស័យបច្ចេកវិទ្យានៅតែបន្តរីកចំរើនទៅមុខ។

បច្ចុប្បន្ន ក្រុមអ្នកជំនាញបានបង្ហាញគំនិតខុសគ្នាអំពីរបៀបសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្ររវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ដោយអ្នកជំនាញមួយចំនួនស្នើឱ្យសាងសង់ផ្លូវរូងក្រោមទឹកទាំងមូលនៅក្រោមបាតសមុទ្រ។

ចំណែក អ្នកជំនាញផ្សេងទៀតបានស្នើឱ្យសាងសង់ផ្លូវរូងបណ្តែតទឹក(Floating tunnel)នៅក្នុងទម្រង់ដូចជាបំពង់ ដែលយោងដោយខ្សែកាប និងម៉ែត្រដែលលិចនៅក្រោមផ្ទៃទឹក។

យ៉ាងណាមិញ គំនិតផ្តួចផ្តើមនេះពុំមែនជារឿងថ្មីស្រឡាងនោះទេ ខណៈបច្ចុប្បន្ន ប្រទេសអង់គ្លេស ក៏មានបណ្តាញ Channel Tunnel ដែលជាផ្លូវដែកក្រោមសមុទ្រវែងជាងគេបំផុតមួយនៅលើពិភពលោក ដែលដឹកអ្នកដំណើរក្នុងចម្ងាយ៥០គីឡូម៉ែត្រពីទីក្រុង Folkstone នៃប្រទេសអង់គ្លេសទៅកាន់ទីក្រុង Coquelles ក្នុងប្រទេសបារាំង។

បច្ចុប្បន្ន បណ្តាញផ្លូវដែកក្រោមសមុទ្រ Channel Tunnel អាចដឹកជញ្ជូនអ្នកដំណើររវាងប្រទេសទាំងពីរក្នុងរយៈពេល៣៥នាទី។

ទោះជាយ៉ាងណាក្តី ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ក្រុមទ្រឹស្តីវិទូបានប៉ាន់ប្រមាណថា ការធ្វើដំណើរតាមរយៈផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិករវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍នឹងចំណាយពេលត្រឹមតែ៥៤នាទីប៉ុណ្ណោះ ជាមួយនឹងល្បឿន៥.០០០ម៉ាយ(ប្រមាណ៨.០៤៦គីឡូម៉ែត្រ)ក្នុងមួយម៉ោង៕ប្រភព: Secret NYC៕

LEAVE A REPLY

Please enter your comment!
Please enter your name here