ដោយ: គង់ លាងហួរ
អន្តរជាតិ: សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន គ្រោងធ្វើការកែលម្អកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការកសាងបណ្តាញដឹកជញ្ជូន និងភស្តុភារឱ្យកាន់តែប្រសើរឡើង។
ការណ៍នេះក៏នឹងអនុញ្ញាតឱ្យបណ្តារដ្ឋ ជាសមាជិកអាចការពារខ្លួនបាន ពីការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
-->
យ៉ាងណាមិញ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា កិច្ចការនាពេលខាងមុខ សម្រាប់ប្លុកអាស៊ាននៅតែជាបញ្ហាប្រឈម ខណៈដែលបណ្តាប្រទេសនានា ត្រូវតែធ្វើការកែសម្រួលនីតិវិធីត្រួតពិនិត្យពន្ធគយ និងការលុបបំបាត់ការិយាធិបតេយ្យ។

លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងថា “ក្នុងតំបន់អាស៊ាន យើងធ្វើបានយ៉ាងល្អ” ដោយលោកសំដៅលើគោលនយោបាយបើកចំហរបស់អាស៊ាន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។
លោកបានបន្ថែមថា សម្រាប់ដែនសមុទ្រ យើងមានផែនការសម្រាប់ការធ្វើឌីជីថលភាវូបនីយកម្ម នៃកំពង់ផែក្នុងតំបន់។ ដូច្នេះ បណ្តារដ្ឋជាសមាជិកអាស៊ាន អាចចែករំលែកព័ត៌មានជាមួយគ្នា និងកាន់តែមានការប្រកួតប្រជែង។
លោកអះអាងថា “បណ្តាញផ្លូវដែកក៏មានសារៈសំខាន់ផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន រវាងប្រទេសឡាវ និងចិន”។

ជាក់ស្ដែង នៅខែមិថុនា ឆ្នាំ២០២៤នេះ សេវារថភ្លើងដឹកទំនិញ “ASEAN Express”ដំបូងបង្អស់ ដែលតភ្ជាប់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសចិន តាមរយៈប្រទេសថៃ និងឡាវត្រូវបានចាប់ផ្តើមបើកឱ្យដំណើរការ។
ការដឹកជញ្ជូននាពេលនោះត្រូវបានគេរំពឹងថា នឹងចំណាយពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយ វាត្រូវចំណាយពេលអស់ជិត២សប្តាហ៍ ដោយសារនីតិវិធីគយនៅតាមព្រំដែន។
បញ្ហានេះ បានកើតឡើងនៅព្រំដែនរវាងប្រទេសថៃ និងឡាវ ដោយសារផ្លូវរថភ្លើងរបស់ឡាវ មានលក្ខណៈខុសប្លែកគ្នា ពីផ្លូវដែករបស់ម៉ាឡេស៊ី និងថៃ។
ត្រង់ចំណុចនេះ លោក Anthony Loke បានសង្កត់ធ្ងន់ថា យើងត្រូវកាត់បន្ថយការិយាធិបតេយ្យ។
លោកបានមានប្រសាសន៍ថា “នេះជាស្ថានភាពឈ្នះ-ឈ្នះសម្រាប់អ្នករាល់គ្នា”។ វាមិនត្រឹមតែដកចេញនូវរបាំង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងមូលផងដែរ”៕ប្រភព: CNA ៕
