សម្តេច​តេជោ​បញ្ជាក់​ជាថ្មី​មិន​អនុញ្ញាត​ឱ្យ​សាងសង់​វារី​អគ្គិ​សនីនៅ​តំបន់​អារ៉ែង​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ព​ជា​បាន​ប្រកាស​សារ​ជាថ្មី​ថា​ នឹង​មិន​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ឡើយ​ បើ​ទោះបី​មានការ​សិក្សា​រួចហើយ​ក្តី​។

សម្តេច​តេជោ​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩នេះ​ថា​ ការ​មិន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​ ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ខេត្តកោះកុង​នេះ​ ដោយសារតែ​ទុក​តំបន់​នេះ​ ជា​តំបន់​អេកូ​ទេស​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​ទៅលេង​កម្សាន្ត​តែប៉ុណ្ណោះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏​ធ្លាប់​បាន​ប្រា​កាស​កាលពី​ឆ្នាំ២០១៨រួច​ម្តង​រួចមក​ហើយ​ថា​ មិនទាន់​មាន​សេចក្តី​សំរេច​ណាមួយ​ លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ តំបន់​អារ៉ែង​ ក្នុង​ខេត្តកោះកុង​ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។ ប៉ុន្តែ​ទោះជា​ការសិក្សា​ច្បាស់​ ឬមិន​ច្បាស់លាស់​ក៏ដោយ​ តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ពី​ពេលនេះ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឡើយ​។

ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​វ៉ា​រី​អគ្គីស​នី​ជាច្រើន​រួមមាន​ទំនប់​វ៉ា​រី​តា​តៃ​ខេ​ត្ក​កោះកុង​ ទំនប់​វ៉ា​រី​អគ្គិ​សនីយ៍​សេសាន២​ ខេត្ត​ស្ទឹងត្រែង​ ទំនប់​វ៉ា​រី​កម្ចាយ​ ខេត្តកំពត​ និង​មាន​គម្រោង​ទំនប់​វ៉ា​រី​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​គ្រោង​នឹង​សាងសង់​នា​ពេល​ខាងមុខនេះ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិ​សនីយ៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យ​គ្រប់​តម្រូវការ​។

តែ​យ៉ាងណា​ដោយ​សម្រាប់​រដូវប្រាំង​ ឆ្នាំ២០១៩នេះ​ ទំនប់​វារីអគ្គិសនី​មួយចំនួន​មិន​មាន​ទឹក​គ្រប់គ្រាន់​ បាន​ធ្វើ​ឱ្យ​តម្រូវការ​នៃ​ផ្គត់ផ្គង់​ដល់​ដំណើរការ​ ខ្សែ​សង្វាក់​អគ្គិសនី​មិន​មាន​តំណើ​រកា​រល្អ​ បណ្តាល​ឱ្យ​ប្រទេស​កម្ពុជា​មាន​កង្វះខាត​អគ្គីស​នី​ ប្រើប្រាស់​គ្រប់គ្រាន់​។

ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំ​ពុង​ចចារ​ជាមួយ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​ឡាវ​ ដើម្បី​ទិញ​អគ្គីស​នី​បន្ថែម​ និង​បាន​បញ្ជាទិញ​កា​ប៉ាល​អគ្គិ​សនីយ៍​ពី​ប្រទេស​ទួរគី​ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គ្រប់​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​នារ​ដូវ​ប្រាំង​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here